គណៈកម្មាធិការបុណ្យជាតិ ប្រគល់អំណោយដល់ប្រជាការពារជាង ២០០នាក់ ក្នុងខណ្ឌដូនពេញ នាឱកាសបុណ្យភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ គណៈកម្មាធិការបុណ្យជាតិ បានប្រគល់អំណោយដល់ប្រជាការពារ និងសន្តិសុខជាង ២០០នាក់ នៅក្នុងសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ នាឱកាសពិធីបុណ្យកាន់បិណ្ឌ ដើម្បីជាលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ឈិន កេតនា រដ្ឋលេខាធិការព្រះបរមរាជវាំង និងមានការចូលរួមពីសំណាក់លោក ជា ខេមា អភិបាលបាលខណ្ឌដូនពេញ រួមទាំងមន្ត្រីរាជការក្នុងខណ្ឌមួយចំនួន នាគណៈកម្មាធិការបុណ្យជាតិ។

សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន៖ ឃីតម្នាក់មួយកញ្ចប់ (មានត្រីខ មី សារ៉ុង នំ ក្រម៉ា ស្ករស ទឹកដោះគោ និងថវិកា ៥០០០រៀល)។ សម្រាប់អំណោយដែលនាំយកមកប្រគល់ដល់ប្រជាការពារ និងសន្តិសុខខណ្ឌជាង២០០នាក់ គឺជាចូលរួមចំណែករបស់អន្តរក្រសួង ស្ថាប័ននានា។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឈិន កេតនា បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាការពារខណ្ឌដូនពេញ ដែលមានលោក ជា ខេមា អភិបាលខណ្ឌ បានដឹកនាំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសេីរដោយមិនខ្លាចពីការនឿយហត់។

ឯកឧត្តមបានបន្តថា អំណោយទាំងនេះជាផ្នែកមួយសម្រាប់ជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនប្រជាការពារ សម្រាប់រួមចំណែកក្នុងការលេីកទឹកចិត្តក្នុងការបំពេញកិច្ចការ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសក៏ ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកគូសវាសប្រទេសកម្ពុជាល្បីរន្ទឺ អាចឈរជេីងជាប់លេីឆាកអន្តរជាតិ។

បន្ថែមពីនេះ ឯកឧត្តម ឈិន កេតនា បានគូសបញ្ជាក់ថា ជាក់ស្តែងកម្ពុជារស់នៅក្នុងសុខសន្តិភាពជាប្រទេសមានសណ្តាប់ធ្នាប់ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់ជ្រុងជ្រោយ ដោយមិនគិតថ្លៃ ដែលប្រទេសមួយចំនួនលេីពិភពលោកមិនធ្វេីបាន៕