បន្ទាយមានជ័យ៖ ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូន ជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្របំផុតចំពោះបងប្អូន ប្រជាជន មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្សដ៏ឧត្តុងឧត្តមទាំងអស់ ដែលតែងតែបានចូលរួមចំណែកលះបង់ពេលវេលា ធនធាន ផ្តល់ជំនឿទុកចិត្ត និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ការពារបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពសុខក្សេមក្សានរបស់ប្រជាជន និងអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ យុទ្ធសាស្រ្ត និងការងារអាទិភាព ដែលមាននៅក្នុងដំណាក់កាលទាំង៤នៃផែនការសម្រាប់គណបក្សគ្រប់ថ្នាក់ យកទៅចាត់តាំងអនុវត្តបន្តឲ្យមានប្រសិទ្ធិ ភាពនិងប្រសិទ្ធផល និងយកប្រៀបឈ្នះដាច់ខាតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ពីពេលនេះរហូតដល់ក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ត្រូវបានបញ្ចាប់ ។
បន្ទាប់ពីអង្គពិធីទាំងមូលបានស្តាប់នូវសេចក្តីរាយការណ៍ និងការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលអានដោយគណៈកម្មាធិការគណបក្សខេត្តរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាប់គ្នាជាបន្តបន្ទាប់តាមរយៈ អនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋស៊ីជម្រៅ និងកម្មវិធីនយោបាយនានា កសាង អភិវឌ្ឍកម្ពុជា ក្លាយជាសង្គមស៊ីវិល័យប្រកបដោយឧត្តមភាព កិត្យានុភាពទាំងក្នុងតំបន់និងសកលលោកដូចពេលបច្ចុប្បន្ន ជាពិសេសចក្ខុវិស័យដែលប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅនេះគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងគាំទ្រពីប្រជាជនក្នុងការបន្តអភិវឌ្ឍមូលដ្ឋានយ៉ាងត្រចះត្រចង់ ដែលបញ្ជាក់កាន់តែច្បាស់អំពីការខិតខំប្រឹងប្រែង ពុះពារ ជំនះគ្រប់ឧបសគ្គរបស់សមាជិក សមាជិកាគណបក្សយើង និងចំណងទាក់ទងយ៉ាងស្អិតរមួតរវាងគណបក្ស និងប្រជាជនទូទាំងប្រទេសដែលតែងតែមានជំនឿជាក់និងគាំទ្រលើមាគ៌ារដឹកនាំរបស់គណបក្ស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា គណបក្សប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន និងជួយដោះស្រាយទុក្ខលំបាកប្រជាជនគ្រប់ពេលវេលា។ ហើយនៅក្នុងស្ថានភាពនៃការផ្ទុះឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ សមាជិក សមាជិកាយើងបានចូលរួមយ៉ាងសកម្ម ដោយមិនគិតថ្ងៃ យប់ ហើយថែមទាំងដាក់ខ្លួនចតាឡីស័កនៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីជួយអន្តរាគមន៍ ការពារ សង្រ្គោះ អាយុជីវិត ប្រជាជននៅតាមមូលដ្ឋាន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំ ដល់សមាជិក សមាជិកាគណបក្ស ត្រូវបន្តជួយចូលរួមការពារសុខសន្តិភាព និងទប់ស្កាត់នូវរាល់ការបង្កចលាចលរបស់ពួកប្រឆាំងនិយមនិងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែយាយីបន្ទុចបង្អាក់ដល់ការអភិវឌ្ឍប្រទេសជាតិ បន្តជួយប្រជាជនតាមមូលដ្ឋាននៅគ្រប់ពេលវេលា បន្តពង្រឹង និងពង្រីកសមាជិកភាពគណបក្ស បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធដើម្បីអភិវឌ្ឍមូលដ្ឋាន និងជួយប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសនៅពេលជួបគ្រោះធម្មជាតិ បន្តអនុវត្តយ៉ាងដាច់ណាច់ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងនានានៅតាមមូលដ្ឋាន អំពាវនាវឲ្យប្រជាលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីឈ្មោះឆ្នោត និងបន្តជួយការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងចូលរួមការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។