អភិបាលខណ្ឌ៧ មករាដឹកនាំក្រុមការងារបច្ចេកទេសខណ្ឌ រួមជាមួយតំណាងសង្កាត់អូរប្ញស្សីទី២ និងផ្សារអូរប្ញស្សី ចុះត្រួតពិនិត្យគម្រោងជួសជុលជណ្ដើររួមនៅក្នុងមូលដ្ឋានសង្កាត់អូរប្ញស្សីទី២


នៅវេលាម៉ោង៣.០០នាទី រសៀល នាថ្ងៃទី២៥/០៧/២០១៧ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារបច្ចេកទេសខណ្ឌ រួមជាមួយតំណាងសង្កាត់អូរប្ញស្សីទី២ និងផ្សារអូរប្ញស្សី ចុះត្រួតពិនិត្យគម្រោងជួសជុលជណ្ដើររួមនៅក្នុងមូលដ្ឋានសង្កាត់អូរប្ញស្សីទី២ ចំនួន០៨ជណ្ដើររួម(ជណ្ដើរលេខ៖ ៣៤៥,៣០៩,៣០៥,២៩៩,៥១,៩៣,៩៥ និង២១៧) ។ បន្ទាប់ពីបានត្រួតពិនិត្យរួចមក លោកអភិបាលបានធ្វើការណែនាំដល់ ក្រុមការងារបច្ចេកទេសខណ្ឌ និងអ្នកទទួលការ(ក្រុមហ៊ុន)អោយធ្វើការកែលម្អរបន្ថែមនៅចំណុចខ្វះខាតមួយចំនួន ដើម្បីអោយជណ្ដើររួមទាំងអស់ មានសោភ័ណ្ឌភាពកាន់តែស្រស់ស្អាត និងសាទរពីបងប្អូនប្រជាពលរដ្ឋអ្នកទទួលផល ។

បន្ទាប់ពីបានត្រួតពិនិត្យជណ្ដើររួមរួច លោកអភិបាលក៏បានឆ្លៀតចុះសួរសុខទុក្ខលោកអ៊ុំ កៅ សាមុត ប្រធានភូមិ៧ សង្កាត់អូរប្ញស្សីទី២ ដែលបានធ្លាក់ខ្លួនឈឺជាទំងន់ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនលោកអ៊ុំចំនួន៖២០ម៉ឺនរៀល ។ បន្ដមកលោកអភិបាលក៏បានចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់នៅជុំវិញផ្សារអូរប្ញស្សី និងបានណែនាំដល់អ្នកម៉ៅការភាស៊ីផ្សារ ប្រាប់អោយបងប្អូនអាជីវករកុំអោយលក់នៅលើទ្រូងផ្លូវ ជៀសវាងការកកស្ទះ និងដើម្បីសោភ័ណ្ឌភាពជុំវិញផ្សារ ។