នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (សាខាបឹងស្នោរ) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួតបឹងស្នោរប្រហែល១គីឡូម៉ែត ជាប់ចំណតឡានក្រុងវាលស្បូវ ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ តំណាងក្រុមហ៊ុនCMVIC ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។
ទីតាំងថ្មីនេះមានទំហំប្រមាណ៥ពាន់ម៉ែត្រការ៉េ ផ្លូវចូលបេតុងទទឹង៦ម៉ែត្រ ប្រវែង៣០០ម៉ែត្រ មានបំពាក់ទៅដោយ ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប មានច្រកចូលចំនួន ០២ខ្សែ ដែលខ្សែនីមួយៗ អាចត្រូតពិនិត្យលក្ខណបច្ចេកទេសរថយន្តបានសរុប ១០គ្រឿងក្នុងពេលតែមួយ មានឧបករណ៍វាស់ផ្សែងសាំង ឧបករណ៍វាស់ផ្សែងម៉ាស៊ូត ឧបករណ៍វាស់ល្បឿន រណ្តៅមើលបាតយាន ឧបករណ៍វាស់ភ្លើង ហ្វាកូត ឧបករណ៍វាស់ស៊ីផ្លេ ឧបករណ៍វាស់លំងាកចង្កូត ឧបករណ៍ថ្លឹងទម្ងន់ និងឧបករណ៍វាស់កម្លាំងហ្វ្រាំង។ រថយន្តនីមួយៗ អាចត្រូវចំណាយពេល ៥នាទី ដើម្បីត្រួតពិនិត្យ។
គោលបំណង នៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីពង្រីកនិងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។ ប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅនិងខណ្ឌដែលនៅជាប់អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបាន។
ក្រៅពីឧបករណ៍ទំនើប ក្រុមហ៊ុនមានគ្រូបង្គោលទទួលបានការបណ្តុះបណ្តាល ឲ្យមានជំនាញពិតប្រាកដ និងឲ្យមានវិជ្ជាជីវៈក្នុងការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្រោមការគ្រប់គ្រងដឹកនាំរបស់មន្ត្រីជំនាញរបស់ក្រសួង។ បុគ្គលិកម្នាក់ៗត្រូវទទួលការបណ្តុះបណ្តាល ពី៣ខែ ទៅ៦ខែ ទើបអាចក្លាយជាអ្នកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានបាន។
សូមជម្រាបជូនថាក្រុមហ៊ុន CMVIC បានចាប់ផ្តើមការត្រួតពិនិត្យយានយន្ត តាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះមានចំនួន ១២មណ្ឌល ព្រមទាំងមានម៉ាស៊ីនត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តចល័តចំនួន២គ្រឿងបន្ថែមដើម្បីការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តរថយន្តនៅតាមបណ្តាខេត្តនានាដែល មិនទាន់មានមណ្ឌល ត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្ត។