សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា។ ជាមួយនឹងស្មារតីនៃការយកចិត្តទុកដាក់ និងក្តីនឹករលឹកនេះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានចង្អុលបង្ហាញ និងណែនាំដល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្សេងៗជូនដល់អតីតយុទ្ធជននៅតាមរាជធានី-ខេត្ត។
នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ គន់ គីម និងលោក ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជននៅខេត្តព្រះសីហនុ ចំនួន ២០០គ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជនទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងនឹករលឹកជានិច្ចចំពោះអតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានគូសរំលេចផងដែរពីគុណតម្លៃនៃសុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជានាពេលបច្ចុប្បន្ន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា អ្វីៗដែលអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះត្រូវរួមគ្នានឹងជាប់ជានិច្ចចំពោះសុខសន្តិភាព និងត្រូវដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសុខសន្តិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឱ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ អនុប្រធានសមាគមអតីតយុទ្ធជនរូបនេះ បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
បន្ទាប់ពីកិច្ចសំណេះសំណាលឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់អតីតយុទ្ធជន។ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ទឹកត្រី ទឹកស៊ីអ៉ីវចំនួនពីរយួរ ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាមួយចំនួនទៀត៕