តំណាងរាស្ត្រមណ្ឌលកំពង់ធំ ថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលផ្ដល់កូនឈើ ៦,៥០០ដើម ជូនដល់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ


(ភ្នំពេញ)៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់កូនឈើចំនួន ៦,៥០០ដើម ជូនដល់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ ដើម្បីធ្វើការដាំដុះឡើងវិញ។ នេះបើតាមលិខិតថ្លែងអំណរគុណ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម នង វាសនា បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងតំណាងសហគមន៍ព្រៃឈើ នៅមូលដ្ឋាននៃ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្ដល់កូនឈើចំនួន ៦,៥០០ដើម ក្នុងនោះមានដើមក្ងោកចំនួន ១,០០០ដើម ដើមគគីរចំនួន ១,៥០០ដើម និងឈើទាលចំនួន ៤,០០០ដើម ជូនដល់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ ដើម្បីធ្វើការដាំដុះឡើងវិញ»

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានកោតសរសើរដោយស្មោះចំពោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបាននិងកំពុងយកចិត្តដាក់យ៉ាងខ្លាំងក្លាក្នុងកិច្ចខិតខំថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស។

ព្រៃឈើ និងប្រព័ន្ធអេកូឡូស៉ីរបស់វា គឺពិតជារួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាពទាំងអស់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយធានាបាននូវសន្តិសុខស្បៀង និងសំណាញ់សុវត្ថិភាព ការកែលម្អជីវភាពរស់នៅ ការផ្តល់ការងារនិងកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់អាហារូបត្ថម្ភនិងសុខភាព ការរក្សាបាននូវនិរន្តរភាពផលិតកម្ម កំណើនសេដ្ឋកិច្ច សមភាព បរិយាប័ន្ន និងភាពជាដៃគូ ធនធានទឹក ការការពារជលផល សន្តិសុខថាមពល ការអភិរក្សជីវចម្រុះ និងប្រព័ន្ធអេកូឡូស៉ីលើដី ដោយគាំទ្រដល់និរន្តរភាពទីក្រុង និងការលើកកម្ពស់ការការពារ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម នង វាសនា បានបន្ថែមថា «ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមលើកហត្ថបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធីបារមីខ្លាំងក្លាទេព្តាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលការពារប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងបរិស្ថាន គ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវជ័យជម្នះគ្រប់ភារកិច្ចសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យសម្រេចបានការរីកចំរើនយ៉ាងឆាប់រហ័ស ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមបានសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»