រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន នាំអំណោយ និងថវិកាចុះសួរសុខទុក្ខ ដើម្បីលើកទឹកចិត្តកងទ័ពនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តស្ទឹងត្រែង នាឱកាសបុណ្យភ្ជុំបិណ្ឌ


(ស្ទឹងត្រែង)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បាននាំអំណោយ និងថវិកាចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហានដែលឈរជើងនៅតាមបន្ទាត់ព្រំដែន នាបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង នាពិធីបុណ្យភ្ជុំបិណ្ឌ។

បើតាមឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានឱ្យដឹងថា ការចុះមកសួរសុខទុក្ខដល់កងទ័ពនេះ គឺបានបង្ហាញឱ្យឃើញពីការពង្រឹងសាមគ្គីភាពដ៏រឹងមាំ រវាងកងទ័ពនៅសមរភូមិមុខ ជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ។

ឯកឧត្តម វង សូត បានថ្លែងថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ ចែករំលែកផងដែរ ដែលក្រសួងសង្គមកិច្ច និងក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជនបានចងសម្ព័ន្ធមេត្រីភាពជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី១។

ឯកឧត្តម វង សូត ក៏បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដីឱ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ដីក៏បានណែនាំដល់កងទ័ព ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព អនាម័យ ជីវភាព និងធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងជំរុញឱ្យមានការចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងការអភិវឌ្ឍនប្រទេសជាតិប្រកបដោយចីរភាពទៅអនាគត។

នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ឯកឧត្តម វង សូត និងឯកឧត្តម សាយ សំអាល់ រួមទាំងប្រតិភូអមដំណើរ ក៏បានលើកទឹកចិត្តផ្តល់ជូនដល់កងទ័ពរួមមាន៖ ស្រាបៀរ ២០០ កេស មីជាតិ ១០០កេស ទឹកស៊ីអីវ ១០០យួរ ទឹកត្រី ១០០យួរ ត្រីខ ២០កេសធំ ទឹកបរិសុទ្ធ ១០០កេស និងទឹកក្រូច ១០០កេស។ ក្នុងនោះផ្តល់ជូនថវិកាដល់ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង នូវថវិកាចំនួន១មុឺនដុល្លារ និងនាយទាហាន នាយទាហានរង ពលទាហាន ដែលបានចូលរួមចំនួន១,១២៤នាក់ ក្នុងម្នាក់ៗ១០មុឺនរៀល ព្រមទាំងមេឃុំ ចៅសង្កាត់ ចំនួន១០មុឺនរៀលផងដែរ។

សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងបរិស្ថាន បានចងសម្ព័ន្ធភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ ឧបត្ថម្ភគាំទ្រក្នុងការកសាងទីតាំងអង្គភាពការពារសន្តិសុខ និងការពារទឹកដីឱ្យកាន់តែរ៉ឹងមាំថែមទៀត៕