អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យលោកតាលោកយាយចងចាំពាក្យ «អរគុណសន្តិភាព» ដក់ជាប់ក្នុងបេះដូងជានិច្ច


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំពាក្យ «អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរអសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះបាននោះឡើយ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសលោកបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បន្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ និងនាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនវត្តបទុមរង្សី ហៅវត្តពើក ស្ថិតក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដើម្បីបន្តទ្រទ្រង់វិស័យពុទ្ធសាសនា។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យ បានលឿន រហ័ស ពោលគឺ «មន្ត្រីរាជការជាអ្នកបំរើរាស្ត្រ ឯបងប្អូនពលរដ្ឋគឺជាម្ចាស់» ដូច្នេះត្រូវបម្រើដោយទន់ភ្លន់ និងប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញបន្ថែមដល់កងកម្លាំងទាំង០៣ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅដោយមិនខ្លាចចោរលួចឆក់ប្លន់ រស់នៅដោយសុខសានត្រាន្ត។

ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តទាំងអស់ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង។

ដោយសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បាននាំយកនូវទេយ្យទានទេយ្យវត្ថុប្រគេនជូនព្រះសង្ឃរួមមានផ្កាឈូក៤កន្ត្រក ទឹកក្រូច៤កេះ ទឹកដោះគោខាប់២ឡូ ស្ករស១០kg មី៦កេះ អង្ករ៤បេ ទឹកសុទ្ធ២០កេះ ត្រីខ៤យួរ សាដក៥ប្រអប់ និងបច្ច័យកសាងចំនួន ៤លានរៀល ព្រមទាំងប្រគេនបច្ច័យព្រះសង្ឃក្នុង១អង្គ ៥មុឺនរៀល។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកថវិកាជូនដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយបេះដូងកក់ក្តៅបំផុត នៅទីអារាមមួយនេះផងដែរ៕