រដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ នៅអង្គការសហប្រជាជាតិ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលនេះ មានគោលបំណង៖

*(១)៖ ជំរុញឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិកំណត់ការអប់រំជាអាទិភាពខ្ពស់បំផុតនៃរបៀបវារៈនយោបាយរបស់ខ្លួន
*(២)៖ ពិភាក្សាលើសកម្មភាពរួមគ្នា និងដំណោះស្រាយជាយុទ្ធសាស្រ្ត ដោយផ្អែកលើភ័ស្តុតាងសម្រាប់ធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ និងការស្តារឡើងវិញនៃការសិក្សាក្នុងបរិបទក្រោយកូវីដ-១៩
*និង(៣)៖ លើកកកម្ពស់ការចូលរួម និងការគាំទ្ររបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ការចូលរួមយុវជនក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។

កិច្ចប្រជុំកំពូលនេះ បានពិភាក្សាលើ ចំណុចអាទិភាពចំនួន០៥ រួមមាន៖

*(១)៖ ការកែលម្អសាលារៀនឱ្យមានសមធម៌ បរិយាបន្ន សុវត្ថិភាព និងសុខមាលភាព
*(២)៖ លើកកម្ពស់គុណភាពគ្រូបង្រៀន ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន
*(៣)៖ លើកកម្ពស់ការសិក្សា រៀនសូត្រ និងបំណិនសម្រាប់ការរស់នៅជាមួយគ្នា ការងារ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន
*(៤)៖ បរិវត្តកម្មឌីជីថល
*និង(៥)៖ ការបង្កើនហិរញ្ញប្បទានសម្រាប់វិស័យអប់រំ។

ក្នុងកិច្ចប្រជុំកំពូលនេះ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ និងដាក់ជូននូវសេចក្តីថ្លែងការណ៍ស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំកម្ពុជា ដោយបានពិភាក្សាយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ និងបានកំណត់អាទិភាពសំខាន់ៗចំនួន ០៨ រួមមាន៖

*១៖ ដំណើរការសាលារៀន ការស្តារឡើងវិញនៃការសិក្សានិងការបន្តការសិក្សារបស់សិស្ស
*២៖ កំណែទម្រង់សាលារៀនដើម្បីអនុវត្តការគ្រប់គ្រងតាមសាលារៀនប្រកបដោយប្រសិទ្ធភាព
*៣៖ ការពង្រឹងគុណភាពគ្រូបង្រៀន
*៤៖ ការអប់រំឌីជីថល
*៥៖ ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
*៦៖ ការអភិវឌ្ឍជំនាញសតវត្សរ៍ទី២១សម្រាប់យុវជន
*៧៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា
*និង ៨៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ។ សេចក្តីថ្លែងការណ៍នេះត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រកិច្ចប្រជុំកំពូល។

ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដាក់ចេញនូវចក្ខុវិស័យស្តីពី បរិវត្តកម្មប្រព័ន្ធអប់រំ (A Vision Statement on Transforming Education From the Secretary-General) រួមមាន៖

*(១)៖ ចក្ខុវិស័យសម្រាប់ការអប់រំសតវត្សរ៍ទី២១ ដោយផ្តោតលើសសរស្តម្ភ៤ គឺ រៀនដើម្បីរៀន រៀនដើម្បីរស់នៅជាមួយគ្នា រៀនដើម្បីធ្វើ និងរៀនដើម្បីរស់នៅប្រកបដោយសុភមង្គល និងភាពរីករាយ
*(២)៖ បរិវត្តកម្មប្រព័ន្ធអប់រំផ្តោតលើការប្រែក្លាយសាលារៀនជាមជ្ឈមណ្ឌលរៀនសូត្រប្រកបដោយសមធម៌ បរិយាបន្ន សុវត្ថិភាព សុខមាលភាព និងលើកកម្ពស់ការច្នៃប្រឌិត និងនវានុវត្តន៍ ការប្រែក្លាយគ្រូបង្រៀនជាភ្នាក់ងារផ្លាស់ប្តូរ និងការអប់រំឌីជីថល
*(៣)៖ ហរិញ្ញប្បទានសម្រាប់បរិវត្តកម្មប្រព័ន្ធអប់រំ តាមរយៈការបង្កើនការវិនិយោគលើវិស័យអប់រំ និងការប្រើប្រាស់ធនធានប្រកបដោយសមធម៌ បរិយាបន្ន និងភាពស័ក្តិសិទ្ធិ
*(៤)៖ ភាពជាអ្នកដឹកនាំសម្រាប់បរិវត្តកម្មប្រព័ន្ធអប់រំ
*និង(៥)៖ ការប្តេជ្ញាចិត្តក្នុងការធ្វើ បរិវត្តកម្មប្រព័ន្ធអប់រំ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានចូលរួមធ្វើជាវាគ្មិនក្នុងព្រឹតិ្តការណ៍អមចំនួនប្រាំមួយ (៦) រួមមាន៖

*(១)៖ ជីវចម្រុះ ការកសាងសមត្ថភាពជាសកលប្រកបដោយបរិយាបន្ន កិច្ចសហប្រតិបត្តិការបច្ចេកទេស និងវិទ្យាសាស្រ្ត និងការផ្លាស់ប្តូរបច្ចេកវិទ្យា
*(២)៖ ការលើកកម្ពស់មូលដ្ឋានគ្រឹះនៃ ការរៀនសូត្រ តាមរយៈការប្រែក្លាយពីវិបត្តិទៅជាសកម្មភាពអនុវត្ត
*(៣)៖ ភាពជាដៃគូអប់រំបរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ
*(៤)៖ ដំណើរឆ្ពោះទៅគោលដៅសកលថ្មីសម្រាប់ហិរញ្ញប្បទានវិស័យអប់រំ
*(៥)៖ តួនាទីរបស់អ្នកផ្តល់មូលនិធិ (ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ សម្បុរសជន និងវិស័យឯកជន)ក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ
*(៦)៖ ការប្រារព្ធខួបទី២០ នៃកា របង្កើតមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ព្រមទាំងបាន ជួបប្រជុំទ្វេភាគីជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងធនាគារពិភពលោកលើកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕