ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឯកឧត្តម ជៀប ស៊ីវន


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារចូលរួមរំលែក មរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនលោកជំទាវ ឡាញ់ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតរំលែកទុក្ខ បានចាត់ទុកមរណភាព ឯកឧត្តម ជៀប ស៊ីវន គឺជាការបាត់បង់ស្វាមី ឳពុក ឳពុកក្មេក និងជីតាជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនរៀងរហូតមក។

ទោះបីរូបកាយរបស់ឯកឧត្តម ជៀប ស៊ីវន បានបាត់បង់ទៅមែនពិត ប៉ុន្តែស្នាដៃ អំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕