ឯកឧត្តម ហ៊ុន ម៉ានី៖ សាលដីកាដាក់ទោសលោក ខៀវ សំផន ជាសច្ចភាពឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នង ដែលកម្ពុជាបានជួបប្រទះក្នុងអតីតកាល


អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម។ នៅក្នុងសាលដីកានេះ សាលាក្តីខ្មែរក្រហម បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយកាត់ទោស លោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវទស្សនៈមួយ នៅលើបណ្ដាញសង្គម Facebook របស់លោក ជុំវិញសាលដីកាស្ថាពរកាត់ទោសលោក ខៀវ សំផន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដោយលោកបានអះអាងថា សាលដីកានេះ ក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នងដែលកម្ពុជា បានជួបប្រទះក្នុងអតីតកាលដ៏ខ្មៅងងឹត។

បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានយល់ឃើញទៀតថា ថ្ងៃនេះ ក៏ជាការឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវរបួសផ្លូវចិត្តសម្រាប់អ្នកដែលបានរស់រានមានជីវិត ដែលបានរស់នៅក្នុងភាពឈឺចាប់ឲ្យបានស្ងប់ចិត្ត តាមរយៈការទទួលទោសរបស់ជនជាប់ចោទសាកសម ទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត និងបញ្ជា ក្នុងរបបខ្មែរក្រហម។

ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃប្រវត្តិសាស្ត្រ នៃការបិទបញ្ចប់ការកាត់សេចក្តីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។

សាលដីកាស្ថាពរប្រកាសដោយអង្គជំនុំជំរះតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្តន្ទាទោសអតីតប្រមុខរដ្ឋ ក្នុងរបបប្រជាធិបតេយ្យកម្ពុជា ខៀវ សំផន ក្នុងកម្រិតទោសអតិបរិមាតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺការដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០២ ដោយត្រូវអនុវត្តត្រួតគ្នា ជាមួយនឹងទោសដាក់ពន្ធនាគាររស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១។

សាលដីកានេះ ក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នងដែលកម្ពុជា បានជួបប្រទះក្នុងអតីតកាលដ៏ខ្មៅងងឹត។ ឆ្លងកាត់ដំណើរការនីតិវិធី ដែលបានចំណាយពេលជាង១៦ឆ្នាំ យុត្តិធម៌ត្រូវបានផ្តល់ជូនជាផ្លូវការ គឺការទទួលស្គាល់នូវអត្ថិភាព នៃបទល្មើស និងបញ្ចប់នូវស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុត នៃរបបឧក្រិដ្ឋមួយនេះ។

មិនតែប៉ុណ្ណោះ ថ្ងៃនេះក៏ជាការឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវរបួសផ្លូវចិត្ត សម្រាប់អ្នកដែលបានរស់រានមានជីវិតដែលបានរស់នៅក្នុងភាពឈឺចាប់ឲ្យបានស្ងប់ចិត្ត តាមរយៈការទទួលទោសរបស់ជនជាប់ចោទសាកសម ទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត និងបញ្ជា។

យុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងរៀនសូត្រពីប្រវត្តិសាស្រ្តមួយនេះ ដោយមិនត្រូវអនុញ្ញាតឲ្យស្នាមប្រេះស្រាំ ក្នុងអតីតកាលនេះអាចកើតឡើងវិញសារជាថ្មី ហើយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពមួយនេះ ដែលជាមូលដ្ឋានក្នុងការកសាង និអភិវឌ្ឍន៍ជាតិ»៕