ក្រសួងសាធារណការ ជូនដំណឹងពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់ នៅកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់ សម្រាប់ការប្រើប្រាស់ផ្លូវនេះ។

ក្រសួងបន្តថា ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់សាធារណជនឱ្យបានទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿន រួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង ( កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឡើងទៅ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់សាធារណជន សូមមេត្តចូលរួមគោរពបទបញ្ជា និងសេចក្ដីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុ ចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីមិនអនុវត្តតាមការណែនាំ៕