ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អស់លោក លោកស្រី ជាអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល អធិការ ប្រធានការិយាល័យ និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ ព្រមទាំងមន្ត្រីរាជការដែលទទួលបានការតែងតាំង និងសម្រួលភារកិច្ចទៅបម្រើការងារតាមអង្គភាពនានា ក្រោមឱវាទក្រសួងមុខងារសាធារណៈ សរុបមានអ្នកចូលរួមចំនួនប្រមាណ៣០០នាក់។

ជាមួយគ្នានោះ ក៏មានការរៀបចំការចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់មន្រ្តីរាជការផ្សេងទៀតនៃក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ផងដែរ។

បន្ទាប់ពី ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសស្តីពីការតែងតាំងនិងសម្រួលភារកិច្ចមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ រួមមានមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងការិយាល័យសរុបចំនួន៨១នាក់ រួចមក ឯកឧត្តម ស៊ីនាដ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានឡើងធ្វើការប្តេជ្ញាចិត្តតំណាងឱ្យសមាសភាពមន្រ្តីដែលត្រូវតែងតាំង និងសម្រួលភារកិច្ច ដើម្បីពុះពារសម្រេចភារកិច្ចដែលបានប្រគល់ឱ្យសក្តិសមនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលនិងប្រជាជន។

ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងកោតសរសើរដល់មន្រ្តីរាជការទាំងអស់របស់ក្រសួងមុខងារសាធារណៈដែលក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅ បានខិតខំចូលរួមយ៉ាងសកម្មជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាងក្លៀវក្លាចលនាជាតិ ក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លា និងភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ និងការរក្សាសិ្ថរភាព និរន្តរភាពរដ្ឋបាលសាធារណៈ ដែលអាចនាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងលើកទឹកចិត្តដល់មន្រ្តីទទួលតំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត ឱ្យសក្តិសមនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកជំរុញអនុវត្តជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលចុងអាណត្តិទី៦ ដែលឆ្លើយតបបានទាន់ពេលវេលានូវការវិវត្តប្រែប្រួលឆាប់រហ័សនៃសភាពការណ៍តំបន់ និងសកលលោក និងស្របតាមស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា។ ទន្ទឹមនោះត្រូវខិតខំធានាឱ្យបានប្រសិទ្ធភាពនៃការបំពេញភារកិច្ចការងារស្នូលរបស់ក្រសួង ដោយឈរលើបាវចនា សាមគ្គី គុណវុឌ្ឍិ និងអនាគត ដែលជាតម្លៃរួម ដើម្បីលើកកម្ពស់គុណាធិបតេយ្យក្នុងការគ្រប់គ្រង ក៏ដូចជាការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត សំដៅរួមចំណែកពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់៕