សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកកំពុងពោរពេញដោយបញ្ហា និងភាពសាំញ៉ាំ


(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា ពិភពលោកនៅពេលបច្ចុប្បន្ននេះពោរពេញទៅដោយភាពសាំញ៉ាំ និងបញ្ហាជាច្រើនជាបន្ដបន្ទាប់ ក្នុងរួមទាំងការប្រែប្រួលអាកាសធាតុ វិបត្តិប្រេងឥន្ធនៈ និងឧស្ម័នជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ឆ្នាំកន្លងទៅប្រទេសទាំងឡាយនៅលើពិភពលោក ដែលបានចូលរួមកិច្ចប្រជុំនៅអង់គ្លេស បានប្ដេជ្ញាឈប់ប្រើប្រាស់ធ្យូថ្ម ប៉ុន្ដែពេលនេះអឺរ៉ុបដែលជាប្រទេសអ្នកមាន ធ្លាប់តែប្រើប្រាស់នូវឧស្ម័ន ហ្គាស ដើម្បីចម្អិតម្ហូបអាហារ និងដើម្បីដុតកម្ដៅ ប្រែមកប្រើប្រាស់ធ្យូថ្មវិញ។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ការផ្លាស់ប្ដូរពីការប្រើប្រាស់ឧស្ម័ន ហ្គាសរបស់អឺរ៉ុប មកប្រើប្រាស់នូវធ្យូថ្មនេះ គឺដោយសារតែឧស្ម័នដែលផ្គត់ផ្គង់ដោយរុស្ស៉ី ត្រូវបានកាត់បន្ថយ ព្រោះតែការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បូកទាំងការប្រែប្រួលអាកាសធាតុ វិបត្តិប្រេងឥន្ធនៈ ឧស្ម័ន ការប្ដេជ្ញាចិត្តរបស់ពិភពលោកទាក់ទងការប្រែប្រួលអាកាសធាតុទៅជាយ៉ាងណា។ ពិភពលោកមួយនេះ ពោរពេញទៅដោយភាពចលាចល និងស៉ាំញ៉ាំ សូម្បីតែប្រទេសអឺរ៉ុប ដែលត្រូវបានចាត់ទុកថាជាប្រទេសអ្នកមាន ដែលមុននេះប្រើប្រាស់ឧស្ម័ន ហ្គាស ដើម្បីចម្អិនអាហារ និងដើម្បីកំដៅ ឥលូវចាប់ផ្ដើមប្រើប្រាស់អុសដុត»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ទៀតថា នៅពេលអឺរ៉ុបដែលជាប្រទេសអ្នកមាន ងាកមកប្រើប្រាស់អុសដុត នឹងយល់ច្បាស់អំពីស្ថានភាពរស់នៅរបស់ប្រជាជននៅប្រទេសកម្ពុជា ដែលភាគច្រើនកាប់ឈើដើម្បីបានអុសយកមកប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ។ សម្ដេចបន្ដថា គ្រាន់តែការកាប់ឈើដើម្បីបានអុសដុត ក្នុងមួយឆ្នាំៗអស់រាប់លានដើម តែការដាំដើមឈើឡើងវិញ ក៏រាប់លានដើមដូចគ្នាផងដែរ។

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការយល់ឃើញចំពោះវិបត្តិមួយចំនួនដែលបាននិងកំពុងកើតមានឡើងនៅលើពិភពលោក រួមទាំងអឺរ៉ុបផងដែរថា គ្រប់ភាគីទាំងអស់នឹងមានការស្រុះស្រួលគ្នាដើម្បីឈានដល់ការកាត់បន្ថយនូវផលប៉ះពាល់ចំពោះអឺរ៉ុបខ្លួនឯង និងកាត់បន្ថយផលប៉ះពាល់មកដល់កម្ពុជាផងដែរ ដូចជាតម្លៃប្រេងឥន្ធនៈជាដើម៕