លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញានក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានសេចក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី (ត្រូវជាម្តាយក្មេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ) បានទទួលមរណភាព កាលពីវេលាម៉ោង ០០:១៨ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នេះក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន នូវការបាត់បង់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវម្តាយក្មេក ជីដូន ជីដូនទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅជាទីស្រឡាញ់របស់លោក កន្លងមក ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែងតែរួមចំណែកលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។
លោកជំទាវបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕