សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារ និងចំណូលពន្ធ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលដែលវិស័យឯកជនរីកចម្រើន នឹងជួយបង្កើតការងារជូនប្រជាជនកាន់តែច្រើន ហើយការបង់ពន្ធកាន់តែកើនខ្ពស់ សម្រាប់ជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «វិស័យឯកជនរបស់យើងកំពុងពង្រឹកខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់ការអភិវឌ្ឍន៍ យើងចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច ដូច្នេះធនធានមនុស្ស ដែលបានបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា មួយផ្នែកធំត្រូវបានវិស័យឯកជនទទួលយកទៅធ្វើការ ដែលជាការម្ខាងដោះស្រាយការងារធ្វើឲ្យនិស្សិត និងម្ខាងទៀតដើម្បីការរីកចម្រើននៃក្រុមហ៊ុនខ្លួនឯង។ អ្នកខ្លះនិយាយថា ការរីកចម្រើនរបស់ក្រុមហ៊ុនខ្លួនឯង ជាផលប្រយោជន៍ឯកជន ត្រឹមត្រូវ ប៉ុន្តែអ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងនានា រវាងវិស័យឯកជន ជាមួយនឹងសង្គមនោះទេ វិស័យឯកជនរីកធំធាត់កើនឡើង គឺជួយដោះស្រាយបញ្ហាសម្រាប់ សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធ។ វិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយប្រាក់ដែលបានពីការបង់ពន្ធ យើងមានលទ្ធភាពធ្វើការវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ដំឡើងបៀវត្សជូនមន្ត្រីរាជការរបស់យើង»

សម្តេចតេជោបានថ្លែងថា សម្តេចបានដឹកនាំធ្វើការកែទម្រង់ដោយផ្ទាល់ នៃសេដ្ឋកិច្ចរបស់កម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅសេដ្ឋកិច្ចទីផ្សារ ដែលនាំមកនូវការរីកចម្រើនរបស់វិស័យសេដ្ឋកិច្ចកម្ពុជាដូចសព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រយៈពេលជាង៣០ឆ្នាំមកនេះ ចាប់តាំងពីការធ្វើសេដ្ឋកិច្ចទីផ្សាររហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើសុក្រឹតកម្មសេដ្ឋកិច្ចទីផ្សារ ដែលមានន័យថា មកដល់បច្ចុប្បន្នកម្ពុជា មិនទាន់ដើរដល់ទីបញ្ចប់នៃការកែទម្រង់ ក្នុងវិស័យសេដ្ឋកិច្ចនៅឡើយទេ ដោយនៅខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក៕