សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅរុនតាឯក មិនខុសច្បាប់បោះឆ្នោតឡើយ ហើយសម្ដេចជាអ្នកដាក់ចេញគោលនយោបាយនេះ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានអះអាងថា ការប្រកាសផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនខុសជាមួយច្បាប់បោះឆ្នោតនោះឡើយ។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងឋានៈជានាយករដ្ឋមន្ដ្រី សម្ដេចមានសិទ្ធិដាក់ចេញនូវបទបញ្ជា និងអនុវត្តនយោបាយផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋ មិនមានអ្វីទាស់ខុសនោះទេ។

ការចេញមកបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងចំពោះការលើកឡើងពីសំណាក់បុគ្គលមួយចំនួនតូច ជុំវិញការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក ប្រៀបដូចការឃោសនាបោះឆ្នោតមុនរយៈពេលកំណត់ ដែលផ្ទុយនឹងច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះថា «គេចោទខ្ញុំថា លោក ហ៊ុន សែន យកបណ្ណក្រីក្រធ្វើការឃោសនាបោះឆ្នោតមុនកាលកំណត់។ ខ្ញុំសូមបញ្ជាក់ទៅវិញ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ដ្រីដែលដាក់ចេញនូវបទបញ្ជា និងអនុវត្តនយោបាយ នៃការដាក់បណ្ណក្រីក្រខ្ញុំមានសិទ្ធិនិយាយ»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ផ្ទុយពីសម្ដេចដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយដាក់ក្បាលមេក្រូនោះ ក្រុមអ្នកដែលរិះគន់សម្ដេចទៅវិញទេ ដែលតែងតែដើរខ្សិប ដើរនិយាយស្ងាត់ៗជាមួយប្រជាពលរដ្ឋ សន្យាបែបនេះ សន្យាបែបនោះ រហូតដល់សន្យាថា បើក្រុមគេឈ្នះធ្វើមេឃុំ គេមិនតម្រូវឲ្យសងលុយធនាគារជាដើម។ ដែលសម្ដេចថា អ្នកដែលនិយាយបែបនេះជាមុខសញ្ញាដែលធនាគារត្រូវរឹបអូសទ្រព្យ ព្រោះអ្នកនោះបានខ្ចីលុយពីធនាគារគេ។

សូមរំលឹកថា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សម្ដេចសម្រេចប្រគល់បណ្ណសមធម៌ (បណ្ណក្រីក្រប្រភេទ១) ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមករស់នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (បណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ, រាជរដ្ឋាភិបាលបានចំណាយប្រមាណ៨០០លានដុល្លាររួចហើយ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ២០២០ រហូតដល់ ២៤ ខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋ ២,៨៥៣គ្រួសារ នៅរុនតាឯក អាចចិញ្ចឹមបាន។ បើទោះបីជា១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ៕