មហាសន្និបាត OCA បញ្ចប់ដោយជោគជ័យ ខណៈកម្ពុជា ទទួលបានការសរសើរ និងបានរឹតចំណងការទូតកីឡាជាច្រើន ពិសេសបណ្ដាប្រទេសមជ្ឈិមបូព៌ា


(ភ្នំពេញ)៖ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ខណៈប្រធានស្ដីទី OCA ឯកឧត្តម Raja Randhir Singh បានកោតសរសើរជាខ្លាំង ចំពោះការទទួលបដិសណ្ឋារកិច្ច ខណៈកម្ពុជា ក៏ទទួលបាននូវផ្លែផ្កាយ៉ាងល្អប្រសើរផងដែរ ពីការធ្វើម្ចាស់ផ្ទះនេះ ក្នុងការរឹតចំណងការទូតកីឡា ជាមួយបណ្ដាប្រទេសចូលរួម ពិសេសប្រទេសនៅមជ្ឈិមបូព៌ាតែម្ដង។

ឯកឧត្តម Raja Randhir Singh បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ការទទួលរៀបចំ និងអញ្ជើញបណ្ដាប្រទេសចលនាអូឡាំពិក មកចូលរួមមហាសន្និបាតខាងលើ។ ការរៀបចំនេះពិតជាល្អប្រសើរខ្លាំង ពិសេសការទទួលបដិសណ្ឋារកិច្ច ដែលម្ចាស់ផ្ទះបានមើលថែអ្នកចូលរួមយ៉ាងដិតដល់ ហើយអ្នកចូលរួមទាំងអស់ ពិតជារីករាយ និងមានភាពកក់ក្ដៅបំផុត ចំពោះការយកចិត្តទុកដាក់ និងទទួលស្វាគមន៍នេះ។

ឯកឧត្តមថា «ពួកគេ (កម្ពុជា) ស្វាគមន៍យ៉ាងកក់ក្ដៅ និងរួសរាយរាក់ទាក់ដែលនេះពិតជាសំខាន់ខ្លាំងណាស់។ កីឡាអាស៊ីអាគ្នេយ៍ យើងអាចចាត់ទុកថាជាគ្រួសារតែមួយ។ យើងទាំងអស់គ្នាជាគ្រួសារតែមួយ។ នៅពេលឥទ្ធិពលជាច្រើនត្រូវបានបង្ហាញដោយអ្នកគ្រប់គ្នា នេះគឺជាគំនិតរួមតែមួយដែលនាំយុវជនរួមគ្នា ប្រជាជនរួមគ្នា។ នេះបានន័យថា អ្នកបានឈ្នះលើបដិសណ្ឋារកិច្ច។ អ្នកចូលរួមពិតជាភ្ញាក់ផ្អើលចំពោះប្រជាជនកម្ពុជា។ ពួកគេពិតជារីករាយ»

ប្រធានស្ដីទី OCA ដដែលបានសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំចង់និយាយ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិតជាគាំទ្រណាស់។ ហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ខាងមុខនេះ ខ្ញុំបានទៅមើលពហុកីឡដ្ឋាន (ពហុកីឡដ្ឋានជាតិមរតកតេជោ)។ ពហុកីឡដ្ឋានជាតិដែលបានសាងសង់ឡើងគឺធំ ដែលអាចផ្ទុកទស្សនិកជនបាន ៦ម៉ឺននាក់ គឺជាពហុកីឡដ្ឋានដ៏អស្ចារ្យ និងស្រស់ស្អាត។ សូម្បីតែបរិវេណជុំវិញពហុកីឡដ្ឋានក៏ពិតជាស្រស់ស្អាត។ អាងហែលទឹក និងគ្រឿងបរិក្ខាដទៃទៀតនឹងកើតឡើងឆាប់ៗនេះ។ យើងឃើញថា វាកាន់តែកៀកហើយ។ អ្នកនៅសល់ពេល ១ឆ្នាំទៀត ហើយវាគ្រប់គ្រាន់សម្រាប់អ្នកដើម្បីជួបប្រជុំរួមគ្នា ខ្ញុំគិតថា សមត្ថភាពនៃការរៀបចំនឹងអស្ចារ្យ»

«នេះលើកទី១ ដែលកម្ពុជាទទួលរៀបចំកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម។ ដូច្នេះវាគឺជាការជំរុញដ៏ធំដូចគ្នាផងដែរ។ ជាមួយនឹងការយកចិត្តទុកដាក់ ដូចសម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាកំពុងសម្លឹងឃើញការអភិវឌ្ឍកីឡាស្ដង់ដាក្នុងប្រទេស។ នេះគឺជាជំហានដ៏ត្រឹមត្រូវ។ ការទទួលរៀបចំកីឡាស៊ីហ្គេមគឺជាការផ្ដល់ការជម្រុញដល់យុវជន និងផ្ដល់ចំណេះដឹងដល់កុមារ យុវជនជាច្រើនដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ ដូច្នេះវានឹងដំណើរការរលូនសម្រាប់កម្ពុជា»។ ឯកឧត្តម Raja Randhir Singh បន្ថែម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងដែលថា ការទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាតនេះ ពិតជាទទួលបាននូវផ្លែផ្កាជាច្រើន តាមរយៈទំនាក់ទំនងទ្វេភាគី រវាងអូឡាំពិកកម្ពុជា និងអូឡាំពិកបណ្ដាប្រទេសមួយចំនួន ដែលបានចូលរួមជាក់ស្ដែងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានជួបពិភាក្សាការងារជាមួយប្រធានអូឡាំពិកអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ហើយគ្រោងនឹងឈានទៅរកការចុះអនុស្សារណៈយោគយល់គ្នា (MOU) លើវិស័យកីឡា និងចលនាអូឡាំពិក ដើម្បីជួយគ្នាក្នុងផ្នែកបច្ចេកទេសកីឡានាពេលឆាប់ៗខាងមុខទៀតផង។

ឯកឧត្តមបន្ដថា «យើងឃើញប៉ែកខាងមជ្ឈិមបូព៌ា យើងអត់ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ខាងផ្នែកវិស័យកីឡានេះ តែឥឡូវនេះដោយសារឱកាសល្អ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ (មហាសន្និបាត OCA) នេះ គឺប្រទេសទាំងអស់បានមើលឃើញសក្ដានុពលរបស់កម្ពុជា ដែលខិតខំប្រឹងប្រែង ពិសេសរាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹង ចំពោះវិស័យកីឡាជាតិរបស់យើង ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំង ចូលរួមសហការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាលើពិភពលោក»

«នេះគឺមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់វិស័យកីឡា ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍ហើយថា វិស័យកីឡាគឺជាចំណងទាក់ទង រវាងប្រជាជន និងប្រជាជន ដែលធ្វើឲ្យកាទូតប្រជាជនហ្នឹង កាន់តែមានឧត្តមភាពនៅលើទំនាក់ទំនងរវាងប្រទេស និងប្រទេសដែរ។ អ៊ីចឹងចំណុចនេះហើយ ដែលយើងត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើតឲ្យមានបរិយាកាសល្អ នៅក្នុងវិស័យកីឡា ដោយមានចំណងការទូតកីឡាកាន់តែរឹងមាំ អាចជួយដល់រាជរដ្ឋាភិបាល និងជួយដល់វិស័យកីឡាជាតិរបស់យើងកាន់តែមានសក្ដានុពលថែមទៀត។ សង្ឃឹមថា អ្វីៗដែលយើងធ្វើនេះ នឹងជួយដល់សេដ្ឋកិច្ចសង្គម និងធ្វើឲ្យកម្ពុជាលេចមុខលេចមាត់លើឆាកអន្ដរជាតិ»