ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត


ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាពនានា ជុំវិញខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត និងចុះពិនិត្យទំនប់សណ្តរ ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត ហើយកំពុងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សម្រាប់ការពារមិនឱ្យទឹកជនន់ ជន់លិចខេត្ត ព្រមទាំងសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក កម្មករ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលកំពុងមប្រើការនៅតាមការដ្ឋាននានា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្តព្រះវិហារ ដែលបានខិតខំយកចិត្តទុកដាក់សហការគ្នា ជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ទាំងការដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព ទាំងការឧបត្ថម្ភស្បៀង អាហារ សម្ភារ និងការថែទាំសុខភាព។

ស្របពេលស្ថានភាពទឹកដងស្ទឹងសែននៅថ្ងៃនេះ មានការស្រកចុះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវ និងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ ចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ ស្រែចំការ ដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីឲ្យពួកគាត់បានទទួលពូជស្រូវ ពូជដំណាំផ្សេងៗយកទៅដាំដុះបន្ត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងពិសេស កាលពីព្រលប់ថ្ងៃម្សិលមិញនេះ។

ឯកឧត្តម មាស សុភា ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះការសាងសង់ទំនប់សណ្តរ ដែលជាគម្រោងរបស់របស់រដ្ឋបាលខេត្ត និងកំពុងអនុវត្តសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។ ឯកឧត្តមសង្កត់ធ្ងន់ថា ទំនប់សណ្តរនេះ មានសារៈសំខាន់ណាស់ មិនត្រឹមតែទប់ទឹកមិនឲ្យចូលក្រុងប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវគមនាគមន៍ក្រវ៉ាត់ក្រុង ហើយអនាគតនឹងក្លាយជាផ្លូវក្រាលកៅស៊ូ ដើម្បីឈានបន្តអភិវឌ្ឍន៍ក្រុងព្រះវិហារផងដែរ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ ទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ បានខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារៈកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារ ជួសជុល ថែទាំ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ។ មិនតែប៉ុណ្ណោះ មន្ទីរអាចធ្វើបាន ដោះស្រាយបាន ការងារចាំបាច់មួយចំនួន ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ទាំងថវិកាមិនទាន់ធ្លាក់ក៏មានដែរ៕