សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទាន នៅភូមិគ្រឹះក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សាអស់កាលត្រីមាសនៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ ក្នុងវត្តចំនួន៩ គឺវត្តសុណ្ណរាម វត្តបុទុមព្រឹក វត្តឥន្ទសាល វត្តជោតិវ័ន្ត វត្តតាសួស វត្តព្រៃអង្គរក្រៅ វត្តជោត្តិរតនរាម វត្តវិបស្សនារាម និងវត្តសិការង្សី ដែលស្ថិតនៅ៣ខេត្តគឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។
អង្គកឋិកទានដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន មានការចូលរួមពីសំណាក់បងប្អូន បុត្រាបុត្រី ចៅប្រុស ចៅស្រីសម្តេច រួមនឹងសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរដែនដី ជាច្រើនទៀត។
សូមជម្រាបថា ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថា ជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមប្រគេនពរនិងជូនពរដែលកើតចេញពីបុណ្យកឋិនទាននាឱកាសនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទំាងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕