ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួន នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរ៉ូវ៉ាន់ដា។
កិច្ចប្រជុំមានដូចជា កិច្ចប្រជុំអាស៊ានបូកបី(ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក(APG) កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA) ពិធីបើកមហាសន្និបាត កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នានារបស់សហភាពអន្តរសភា កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា។
នៅក្នុងកិច្ចប្រជុំទាំងនេះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈប្រតិភូ ក៏បានថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅ ក្រោមប្រធានបទស្តីពី «សមភាពយេនឌ័រ និងសភាដែលប្រកាន់យកយេនឌ័រជាកត្តាជំរុញនៃការផ្លាស់ប្តូរដើម្បីកាន់តែមានភាពធន់ និងសន្តិភាពពិភពលោក»។
សូមបញ្ជាក់ថា គណៈប្រតិភូសភាកម្ពុជា នឹងបន្តចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់តាមកម្មវិធីរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងត្រៀមជួបពិភាក្សាការងារជាមួយបណ្តាសភាជាមិត្តមួយចំនួនផងដែរ៕