កម្ពុជាទទួលចំណូលជិត៧០០លានដុល្លារ ពីការនាំចេញកង់ នៅ៩ខែឆ្នាំនេះ


រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ កម្ពុជា រកចំណូលបានជិត៧០០លានដុល្លារអាមេរិក ពីការនាំចេញកង់។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រទេសសំខាន់ៗ ដែលកម្ពុជា នាំចូលកង់ មាន៖ អាមេរិក, អង់គ្លេស, សហភាពអឺរ៉ុប, កាណាដា, អាស៊ាន, ជប៉ុន, ចិន, កូរ៉េ។

ដោយឡែក ទីផ្សារគោលដៅដែលកម្ពុជា នាំចេញរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។

ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា មូលហេតុនៃកំណើន ការនាំចេញកង់របស់កម្ពុជា៖ ការថមថយជំងឺកូវីដ-១៩ នៅលើពិភពលោក, តម្រូវការប្រើប្រាស់មានការកើនឡើងដូចជា ត្រូវការកង់ជិះហាត់ប្រាណ, ការខិតខំទាក់ទាញអ្នកបញ្ជាទិញ និងការផ្សព្វផ្សាយរបស់ក្រសួង ស្ថាប័នជាពិសេសក្រសួងពាណិជ្ជកម្ម, កេរ្តិ៍ឈ្មោះកម្ពុជា-មានអ្នកស្គាល់កាន់តែច្រើន និងការផលិត ការផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលា។

គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖

* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕