ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រាប់ពលរដ្ឋកុំចាញ់បោកការញុះញង់ អុចអាលរបស់ក្រុមក្បត់ជាតិ និងត្រូវរួមគ្នាបន្ដរក្សាការពារសន្ដិភាពឲ្យបានដាច់ខាត


(កំពង់ស្ពឺ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋបន្ដការពារសុខសន្ដិភាព និងកុំចាញ់បោកការញុះញង់ អុចអាលបង្កឲ្យមានការរើសអើង របស់ក្រុមក្បត់ជាតិ។

ក្នុងពិធីដង្ហែរអង្គកឋិនសាមគ្គី នៅវត្តត្រពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានថ្លែងនូវការថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី ថាជាមេក្រុមឧទ្ទាម ពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំង ប្រដាប់អាវុធឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអះអាងទៀតថា មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងគាំទ្រឲ្យសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា រាល់សមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំ ស្រុក ខេត្តកំពង់ស្ពឺ យើងនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួម នៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកំពស់ជាលំដាប់។

ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់ខ្វាត់ខ្វែង នៅទូទាំងប្រទេសនេះសបញ្ជាក់ឲ្យឃើញថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្ដាដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤៣កន្លងមកនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ រួមជាមួយនាយទាហាន បញ្ជាការដ្ឋានអង្គរក្ស និងពុទ្ធបរិស័ទ បានវេរប្រគេនបច្ច័យ សង្កត់ត្រ័យសម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាម វត្តត្រពាំងវែង មានចំនួន៥០លានរៀល និងបច្ច័យ១០០លានរៀល សម្រាប់កសាងអគារសិក្សា នៅក្នុងអនុវិទ្យាល័យវត្តត្រពាំងវែង។

ក្នុងនោះក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះសង្ឃ ចែកជូនគណៈកម្មការអាចារ្យ សីលវន្តសីលវត្តី មន្ត្រីអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធផងដែរ៕