មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ស្ត្រីត្រូវបានលើកកម្ពស់លើគ្រប់វិស័យ ទាំងជួរកងទ័ព ស៊ីវិល និងវិស័យឯកជន


(ភ្នំពេញ)៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានការងារយេនឌ័រក្រសួងការជាតិ បានលើកឡើងថា កម្ពុជា ក្រោមការដឹកននាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកកម្ពស់ស្ត្រីនៅលើគ្រប់វិស័យទាំងអស់ ជាក់ស្តែងសម្រាប់វិស័យការពារជាតិ ស្ត្រីត្រូវបានផ្តល់ឋានៈ តួនាទីឱ្យសាកសមក្នុងកិច្ចការការការបូរណភាពទឹកដី និងប្រជាជនដូចបុរស។

ការលើកឡើងបែបនេះ របស់លោកជំទាវ ដាំ ដារីនី បានធ្វើឡើងក្នុងឱកាសលោកជំទាវ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នាឱកាសជួបសំណេះសំណាលមួយយោធិននារី នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។

លោកជំទាវ បានថ្លែងថា ដើម្បីលើកកម្ពស់ស្ថានភាពនារី ក្នុងកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានបង្កើតក្រុមការងារយេនឌ័រ និងបានយកចិត្តទុកដាក់តម្លើងឋានៈ តួនាទី មុខតំណែងឱ្យនារីទៅតាមសមត្ថភាពជំនាញ និងសមស្របទៅនឹងតម្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទ។

លោកជំទាវ ដាំ ដារីនី បានលើកឡើយ៉ាងដូច្នេះថា៖ «ចំណែកវិស័យការពារជាតិផងដែរ យើងនិយាយជារួមមានតួអង្គជាស្ត្រីតាំងពីរចនាសម្ព័ន្ធស្ត្រី នៅក្រោមក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្តាប្រភេទទ័ព គឺបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារជាតិ»

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ក្រៅពីភារកិច្ចស្នូលនៅក្នុងក្រសួងការពារជាតិ ស្ត្រីដែលជាយោធិន បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីបំពេញការងារមនុស្សធម៌នានា ជាដើម។

លោកជំទាវ ដាំ ដារីនី បានបន្ថែមថា៖ «នៅក្នុងវិស័យកងទ័ព តួនាទីរបស់ស្ត្រីបានទទួលតំណែងសំខាន់ៗជាច្រើន រួមមានស្ត្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ស្ត្រីជាអគ្គមេបញ្ជាការងារ, បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងបណ្តាអង្គភាពចំណុះក្រសួងការជាតិ ហើយយើងនឹងខិតខំលើកកម្ពស់ស្ត្រីដែលបានចូលរួមចំណែកក្នុងកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»

ក្នុងនាមជាថ្នាក់ដឹកនាំស្ត្រីមួយរូប នៃក្រសួងការពារជាតិ លោកជំទាវ ដាំ ដារីនី បានជំរុញឱ្យយោធិនជានារី ក្នុងជួរកងយោធពលខេមរភូមិន្ទ ត្រូវខិតខំដុះខាតនូវជំនាញបច្ចេកទេសសំខាន់ៗ ឱ្យដូចបុរសដែល ដើម្បីបង្កើនគុណភាពក្នុងការចូលរួមចំណែកអភិវឌ្ឍន៍អង្គភាព ក៏ដូចជាកិច្ចការពារជាតិជាដើម។

លោកជំទាវ ដាំ ដារីនី បានថ្លែងនូវបានកោតសរសើរជូនបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យោធិននារីទាំងអស់ ដែលបានអនុវត្តការងារបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ​ រួមទាំងការលើកកម្ពស់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត តួនាទី ឋានៈ ឋានន្តរសក្តិ និងការអភិវឌ្ឍចំណេះដឹង ជំនាញ​បច្ចេកទេស និងការកសាងសមត្ថភាពរបស់ស្រ្តី (យោធិននារី) ឱ្យកាន់តែមានប្រសិទ្ធភាព​៕