(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ជូ ណាក់យ៊ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានរដ្ឋសភា។
ថ្លែងនាឳកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ ដែលបានមកបំពេញទស្សនិច្ចកម្ពុជា និងជាពិសេសមកកាន់រដ្ឋសភា។ លោកស្រី ក៏បានរំលឹកឡើងវិញនូវដំណើរអញ្ជើញចូលរួមជាសហអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» កាលពីឆ្នាំ២០១៩ នៅទីក្រុងឃ្យុងយូ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់នូវសារៈសំខាន់ដែលទទួលបានពីការចូលរួមពិព័រណវប្បធម៌នេះ ដែលជាព្រឹត្តិការណ៍ពិសេសអស្ចារ្យមួយដោយបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត តំលៃប្រភពនៃសន្តិភាព ភាពសុខដុមរមនា ការអភិវឌ្ឍន៍ និងនវានុវត្តន៍ ដែលជាកំលាំងចលករក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ តាមរយៈបទពិសោធន៍ដែលបានទស្សនកិច្ចនៅប្រទេសកូរ៉េកន្លងមក ជាពិសេសនៅទីក្រុងឃ្យុងយូ អំពីការតរភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ការបង្កើនបណ្តាញទំនាក់ទំនង និងវេទិការវាងសហគមន៍និងរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការជំរុញភាពចម្រុះនៃវប្បធម៌ ដែលពិតជាមានភាពសមស្របទៅនឹងគោលនយោបាយស្តីពីវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកផងដែរថា ការចាប់ផ្តើមលើកដំបូងនៃពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ នៅក្រៅប្រទេសកូរ៉េ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលពីចុងឆ្នាំ២០០៦ ក្រោមកិច្ចសហការសហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយទទួលបានអ្នកចូលទស្សនាសរុបប្រមាណ ៣០ម៉ឺននាក់ ជាមួយការចូលរួមសម្តែងមកពី ៣៣ប្រទេស។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួល ប្រកបដោយភាពយកចិត្តទុកដាក់ដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ។ លោកជំទាវបានសង្កេតឃើញថា ដោយសារការយកចិត្តទុកដាក់ផ្សេងៗរួមមាន ការថែទាំសុខភាព ការបំពាក់បំប៉នចំណេះជំនាញបន្ថែម ជាមួយនឹងប្រាក់កំរ៉ៃពលកម្មសមរម្យនេះ បានធ្វើឱ្យពលករខ្មែរអាចបន្តអាណត្តិការងាររបស់គេនៅប្រទេសកូរ៉េ និងបានជួយឱ្យជីវភាពគ្រួសាររបស់គេកាន់តែប្រសើរឡើង។
លោកជំទាវ បានលើកឡើងបន្ថែមថា អតីតពលករខ្មែរនៅកូរ៉េមួយចំនួនបានប្រែក្លាយជីវភាពរស់នៅសព្វថ្ងៃកាន់តែធូរធារប្រសើរឡើង ដោយសារវិជ្ជាជីវៈ បច្ចេកវិទ្យាថ្មីៗ និងភាពច្នៃប្រឌិតដែលបានរស់នៅរៀនសូត្រអំឡុងពេលបំពេញការងារនៅកូរ៉េ ព្រមទាំងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។ ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរនោះ លោកជំទាវបានឱ្យដឹងថា ពលករដែលទៅធ្វើការនៅប្រទេសកូរ៉េនេះ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកូរ៉េ ហើយទាក់ទងទៅនឹងស្ត្រីខ្មែរដែលបានរៀបការជាមួយស្វាមីកូរ៉េនោះ គឺជាការផ្ដល់តម្លៃជាគ្រួសារ ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េកាន់តែជិតស្និទ្ធ និងបានគាំទ្រចំពោះគ្រួសារបែបចម្រុះនេះផងដែរ ។
លោកជំទាវ ក៏បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ដោយតាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងប្រទេសទាំងពីរ រហូតមកដល់ពេលនេះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគម្ពុជា-កូរ៉េ (CKFTA) ដែលត្រូវបានផ្តល់សច្ចាប័នពីសភាកូរ៉េ កាលពីពេលថ្មីៗនេះ និងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅនេះ ដែលទាំងអស់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ លោកជំទាវក៏បានបង្ហាញក្តីសង្ឃឹមថា និងស្នើដល់អភិបាលក្រុងឃ្យុងយូ ជួយជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានពេញលេញគ្រប់គ្រាន់ ព្រមទាំងអាចនាំចេញទៅក្រៅប្រទេស។ ទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសកម្ពុជា លោកជំទាវក៏បានលើកឡើងអំពីការកំណែទម្រង់ច្បាប់វិនិយោគថ្មី ដូចជាច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ជាមួយគ្នានោះលោកលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានលើកឡើងពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលពិតជាជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
ទន្ទឹមនឹងនេះលោកជំទាវ ក៏បានជម្រាបជូនពីវឌ្ឍនៈភាពនៃ «គម្រោងTECHO ភូមិ១០០ ដែលបាននឹងកំពុងអនុវត្តសាកល្បងភូមិចំនួន១០០នៅទូទាំង២៥ រាជធានី-ខេត្ត។ គម្រោងនេះនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ដោយប្រើប្រាស់ទស្សនទាន TECHO ៖ Technology Education Cooperation មនុស្សជាតិ និង Ownership ភាពជាម្ចាស់ដោយផ្អែកទៅលើវប្បធម៌ជាស្នូល និងលើកកម្ពស់វិស័យទេសចរណ៍បែបវប្បធម៌ និងធម្មជាតិនិងកសិទេសចរណ៍ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNSDGs) និងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០។
ជាការឆ្លើយតប លោកអភិបាលក្រុងឃ្យុងយូ បានឯកភាពទៅនឹងការលើកឡើងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលតាមរយៈចំណងទាក់ទងទ្វេភាគីកូរ៉-កម្ពុជាមានកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន និងពិតជាមានការរីកចម្រើន រួមមានការទូត វប្បធម៌ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ជាដើម។ និងបានជម្រាបជូនថា នៅប្រទេសកូរ៉េ អត្រាមនុស្សកើតថយចុះ រីឯអត្រាមនុស្សចាស់កើនឡើងដែលធ្វើឱ្យប្រទេសកូរ៉េកំពុងជួបវិបត្តិខ្វះកំលាំងពលកម្ម រួមទាំងកំលាំងពលកម្មក្នុងទីក្រុងឃ្យុងយូផងដែរ។
អំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលនេះ លោកបានធ្វើការងារជាច្រើនជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅបម្រើការនៅកូរ៉េ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងមុនពេលទៅ អំឡុងពេលនៅកូរ៉េ និងត្រលប់មកកម្ពុជាវិញ។ លោកអភិបាលក្រុងឃ្យុងយូ ក៏បានលើកសរសើរពីពលករខ្មែរដែលធ្វើបម្រើការងារនៅកូរ៉េ គឺមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដែលធ្វើឱ្យក្រុមហ៊ុន ឧស្សាហកម្មានានា ត្រូវការពលកម្មពីប្រទេសកម្ពុជាជាច្រើនទាំងការងារតាមរដូវ និងរយៈពេលវែង។
លោក ជូ ណាក់យ៊ាំង ក៏បានសង្កេតឃើញថា មានក្រុមហ៊ុនកូរ៉េជាច្រើនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដូចជាគ្រឿងបង្គុំ គ្រឿងបន្លាស់រថយន្តជាដើម ហើយលោកក៏បានទៅទស្សនកិច្ច និងធ្វើបទបង្ហាញនៅសាលាពហុបច្ចេកវិទ្យាកម្ពុជាដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមុននឹងទៅធ្វើការនៅកូរ៉េ ព្រមទាំងបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានោះ លោក ជូ ណាក់យ៊ាំង ក៏បានគោរពអញ្ជើញលោកជំទាវកិត្តិសង្គបណ្ឌិត ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងឃ្យុងយូបន្ថែមទៀត ដើម្បីសិក្សាស្វែងយល់បន្ថែមពីវិស័យដែលលេចធ្លោរនៅទីក្រុងឃ្យុងយូរ ដូចជា មជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងវិស្វរកម្ម ផងដែរ៕