(រតនគិរី)៖ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី រៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅសាលមហោស្របរតនៈ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងសំណេះសំណាលជាមួយលោកយាយ លោកតា អ៊ុំ ពូ មីងជាង២០០នាក់ ដែលបានចូលរួម នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុកមនុស្សចាស់ គឺជាធនធានដ៏មានសារៈសំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើនលើសលប់ សំរាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រ សំរាប់មនុស្សជាតិ។ ចំណុចទាំងអស់នោះអាចមើលឃើញថាមរតក ទាំងអស់នេះ មិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ។ ជាងនេះទៅទៀតព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌ របស់សង្គមជាតិកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តម ណាប់ ប៊ុនហេង បានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២។ ដោយសារលិខិតសម្តេចតេជោ បានសម្ដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោក ក្នុងឱកាសនៃទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ «មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ដែលជាទិវាមួយសម្រាប់រំលឹកគុណមនុស្សចាស់នៅទូទាំងសកលោក»។
ដែលជាទិវាមួយ សម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវ របស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសចំពោះមនុស្សវ័យចាស់។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ នេះ លោកអភិបាលខេត្ត និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់ខេត្តរតនគិរី បានឧបត្ថម្ភដល់លោកតា លោកយាយ ដែលជាសមាជិកមនុស្សចាស់ចំនួន២២៧នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល និងមី១កេសផងដែរ៕