(កែប)៖ ផ្លូវលេខ 1KEK7 អតីតផ្លូវ១៣៣៣A ប្រវែង ៣,៥០០ម៉ែត្រ គឺដីល្បាយថ្មភ្នំ និងគម្រោង «គូសាណូណិ» រួមមាន ការងារសាងសង់លូប្រអប់ ១កន្លែង, លូមូលទទឹងផ្លូវ ២កន្លែង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ពិធីនេះ មានចូលរួមជាអធិបតី ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក TOKITO HIROYUKI (តុគិតុ ហ៊ិរុយឹគិ) តំណាងស្ថានទូតជប៉ុន ព្រមទាំងអស់លោក លោកស្រី ជាក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាក់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើន។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងក្នុងរបាយការណ៍ថា៖ ផ្លូវលេខ1KEP7 (អតីតផ្លូវ១៣៣៣A) មានប្រវែងសរុប ៣,៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ១៣៣៣ ត្រង់PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គ.ម១+៩៥០ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែកគឺ៖
*១៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយឥតសំណងនៃគម្រោង «គូសាណូណិ» ដោយចាក់ដីល្បាយថ្ម ប្រវែង ២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ, លូប្រអប់១កន្លែង ប្រវែង៣ម៉ែត្រ ទទឹង ៧ម៉ែត្រ និងលូមូលកាត់ផ្លូវអង្កត់ផ្ចិត ១ម៉ែត្រ ១ជួរ ប្រវែង១០ម៉ែត្រ ចំនួន២កន្លែង ចន្លោះគីឡូម៉ែត្រ៣+០៥០ ដល់គីឡូម៉ែត្រ៣+៣០០(លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន ១០០%នៃគម្រោងការងារ។
*២៖ ផ្លូវដែលនៅសល់ ប្រវែង ៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ ០+០០ ដល់គីឡូម៉ែត្រ ៣+០៥០ និងគីឡូម៉ែត្រ ៣+៣០០ ដល់គីឡូម៉ែត្រ ៣+៧៥០។
ក្នុងគម្រោងផែនការប្រចាំឆ្នាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប គឺជាគម្រោងដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានផ្តល់ជូនខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើកកំពស់តួថ្នល់ រួចចាក់ក្រាលដីល្បាយថ្ម ដែលមានរយៈពេលសាងសង់ ចំនួន១២ខែ។
ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងថា ផ្លូវខាងលើនេះ ជាផ្នែកមួយយ៉ាងសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ពិសេសជាការតភ្ជាប់សៀគ្វីទេសចរណ៏ ពីតំបន់នានា មកកាន់តំបន់អេកូទេសចរណ៍ ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្ម ដ៏មានសក្តានុពល។
ជាមួយគ្នានេះ ក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានជីវភាពកាន់តែធូរធា ឆ្លងផុតពីបន្ទាត់ភាពក្រីក្រ។
ឯកឧត្តម បានបន្តថា សមិទ្ធផលខាងលើនេះ គឺកើតចេញពីនយោបាយ ឈ្នះ ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងរក្សាបានទាំងស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ កត្តាទាំងនេះ គឺជាបច្ច័យដ៏ល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ក្នុងនាមរដ្ឋបាលខេត្តកែប ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈលោក តំណាងឲ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងនៃគម្រោង «គូសាណូណិ» សម្រាប់គម្រោងចាក់ដីពង្រីកតួផ្លូវ សាងសង់លូប្រអប់ ១កន្លែង និងលូមូល ២កន្លែង លើផ្លូវលេខ1KEP7 (អតីតផ្លូវលេខ១៣៣៣A) ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាពេលនេះ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ការធ្វើចរាចរណ៍ដឹកជញ្ជូន កសិផល សិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន ពុទ្ធបរិស័ទទៅកាន់ទីវត្តអារ៉ាម អង្គភាពផ្តល់សេវាសាធារណៈផ្សេងៗ និងការបញ្ជូនអ្នកជម្ងឺ ឬស្រ្តីឆ្លងទន្លេ ទៅមណ្ឌលសុខភាព អោយកាន់តែមានភាពល្អប្រសើជាងមុន៕