(ភ្នំពេញ)៖ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា ក្នុងពេលពិភាក្សាការងារជាមួយលោក ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលបានបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ និងបានស្នើឱ្យភាគីកូរ៉េបន្តការយកចិត្តទុកដាក់ចំពោះពលករកម្ពុជាតទៅទៀត។
គួរជម្រាបថា កិច្ចពិភាក្សារវាងលោកជំទាវ ឃួន សុដារី និងគណៈប្រតិភូទីក្រុងឃ្យុងយូនៃសាធារណរដ្ឋកូរ៉េនេះ បានធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
នាឱកាសនោះ លោកជំទាវ ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួលប្រកបដោយភាពយកចិត្តទុកដាក់ដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ។ លោកជំទាវ បានសង្កេតឃើញថា ដោយសារការយកចិត្តទុកដាក់ផ្សេងៗ រួមមាន ការថែទាំសុខភាព ការបំពាក់បំប៉នចំណេះជំនាញបន្ថែម ជាមួយនឹងប្រាក់កំរ៉ៃពលកម្មសមរម្យនេះ បានធ្វើឱ្យពលករខ្មែរអាចបន្តអាណត្តិការងាររបស់គេនៅប្រទេសកូរ៉េ និងបានជួយឱ្យជីវភាពគ្រួសាររបស់គេកាន់តែប្រសើរឡើង។
លោកជំទាវអនុប្រធានទី២បានបន្ថែមថា អតីតពលករខ្មែរនៅកូរ៉េមួយចំនួនបានប្រែក្លាយជីវភាពរស់នៅសព្វថ្ងៃកាន់តែធូរធាប្រសើរឡើង ដោយសារវិជ្ជាជីវៈ បច្ចេកវិទ្យាថ្មីៗ និងភាពច្នៃប្រឌិតដែលបានរស់នៅរៀនសូត្រអំឡុងពេលបំពេញការងារនៅកូរ៉េ ព្រមទាំងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។
ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនោះ លោកស្រីបានលើកឡើងថា ពលករដែលទៅធ្វើការនៅប្រទេសកូរ៉េនេះ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកូរ៉េ ហើយទាក់ទងទៅនឹងស្ត្រីខ្មែរដែលបានរៀបការជាមួយស្វាមីកូរ៉េនោះ គឺជាការផ្ដល់តម្លៃជាគ្រួសារត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េកាន់តែជិតស្និទ្ធ លោកស្រីក៏បានគាំទ្រចំពោះគ្រួសារបែបចំរុះនេះផងដែរ។
លោក ជូ ណាក់យ៉ាំង បានជម្រាបជូនថា នៅប្រទេសកូរ៉េ អត្រាមនុស្សកើតថយចុះ រីឯអត្រាមនុស្សចាស់កើនឡើង ដែលធ្វើឱ្យប្រទេសកូរ៉េកំពុងជួបវិបត្តិខ្វះកម្លាំងពលកម្ម រួមទាំងកម្លាំងពលកម្មក្នុងទីក្រុងឃ្យុងយូផងដែរ។
អំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលនេះ លោកបានធ្វើការងារជាច្រើនជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាពាក់ព័ន្ធនឹងការបញ្ជូនពលករទៅបម្រើការនៅកូរ៉េ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងមុនពេលទៅអំឡុងពេលនៅកូរ៉េ និងត្រលប់មកកម្ពុជាវិញ។
លោកអភិបាលក្រុងឃ្យុងយូបានលើកសរសើរពីពលករខ្មែរដែលធ្វើបម្រើការងារនៅកូរ៉េគឺមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដែលធ្វើឱ្យក្រុមហ៊ុនឧស្សាហកម្មានានាត្រូវការពលកម្មពីប្រទេសកម្ពុជាជាច្រើនទាំងការងារតាមរដូវ និងរយៈពេលវែង៕