ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង


នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។

ជំនួបជាមួយប្រជាកសិករនៅថ្ងៃនេះ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅទិសពាយព្យប្រទេស ដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងធ្លាក់មកពីតំបន់នានា។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកជំនន់នេះបណ្តាលឱ្យប៉ះពាល់ដល់ ១៤ ក្រុង/ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្តាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩,៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១គ្រួសារ។

ទឹកជំនន់នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងសរុប ២៩,៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ០៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥,៨១២ហិកតា និងខូចខាតចំនួន ២៧,២៣៣ហិកតា។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងផងដែរថា តាមរយៈការស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែងផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១,៥២៨ហិកតា ស្មើ១១,៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣,៧៩៧ហិកតា និងខូចខាត ១៦,២១៩ហិកតា។ បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឱ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១,៧៥០ម៉ែត្រ, ផ្លូវក្រួសប្រវែង ៥៦៨,៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូកាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង។

ឯកឧត្តម សុខ លូ បានបន្ថែមថា ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព និងស្ទើរគ្រប់ស្ថាប័ន ពិសេសកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋតាមមូលដ្ឋានដែលរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ក្នុងការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ លើសពីនេះទៀត ការត្រៀមប្រចាំការ និងឃ្លាំងមើលសភាពការណ៍ ស្ថានភាពកម្ពស់ទឹកជាប្រចាំ ដោយបានចុះពិនិត្យមើលទីតាំង ដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អំណោយជាបន្តបន្ទាប់ សម្រាប់ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ រួមទាំង គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយពីសប្បុរសជន និងអំណោយសម្ភារៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាពលរដ្ឋសរុបកន្លងមកបានចំនួន ៦.៤៧២គ្រួសាររួចមកហើយ។

តំណាងឱ្យប្រជាពលរដ្ឋទាំងអស់សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណនូបការៈដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកអស់កម្លាំងកាយចិត្ត និងស្មារតី យកចិត្តទុកដាក់ពីសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សេន កំពុងបំពេញបេកកម្មការងារនៅតាមបណ្តាខេត្តនានា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងជំរុញការដាំដុះស្រូវឡើងវិញ បន្ទាប់ពីទឹកសម្រក។

របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ទឹកបានជន់លិចស្រូវប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ២២ហិកតា ក្នុងនោះស្រូវរងការខូចខាតមានប្រមាណ ១១ម៉ឺនហិកតា។ ផ្ទៃដីដែលរងការខូចខាតនេះ អាចស្តារឡើងវិញបានប្រមាណជា ៧ម៉ឺនហិកតាប៉ុណ្ណោះ។ រាជរដ្ឋាភិបាលគ្រោងបញ្ចេញស្រូវពូជប្រមាណជា ៧ពាន់តោនជូនប្រជាកសិករបង្កបង្កើនផលឡើងវិញ៕