ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង


នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។

ជំនួបជាមួយប្រជាកសិករនៅថ្ងៃនេះ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅទិសពាយព្យប្រទេស ដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងធ្លាក់មកពីតំបន់នានា។

ក្នុងឱកាសចែកស្រូវពូជនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

* ជាកិច្ចចាប់ផ្តើមនូវប្រសាសន៍សំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉េ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចូលរួមសោកស្តាយជាមួយប្រជាកសិករទាំងអស់ ដែលបានរងគ្រោះដោយគ្រោះមហន្តរាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០។ សម្តេចតេជោ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋនឹងរួមគ្នាជម្នះការលំបាកបង្កដោយទឹកជំនន់នាពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ជាមូលដ្ឋានជោគជ័យសម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតប្រជាពលរដ្ឋយើងជួបការលំបាកដោយសារតែទឹកជំនន់ តែក៏មិនទាន់ដល់ថ្នាក់ត្រូវដេកយំនោះដែរ ហើយត្រូវប្រឹងប្រែងរួមគ្នាដោះស្រាយ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កងកម្លាំងជួយកម្លាំងពលកម្មជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលស្រូវល្អ គឺផ្តើមចេញពីពូជស្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីសម្តេចធ្វើជានាយករដ្ឋមន្ត្រីនាឆ្នា១៩៨៥ សម្តេចបានប្រឹងប្រែងជម្នះប្តូរឥរិយាបថ ប្រជាកសិករលើការងារប្រើប្រាស់ពូជស្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកសិកម្មមិនត្រូវបន្តធ្វើកសិកម្មធម្មតាទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញនេះមិនមានករណីឆ្លងជំងឺកូវីដ១៩នោះទេ នេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩។ បើទោះបីមានករណីឆ្លងថ្មី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួម អនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង មាននៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក គណបក្សប្រជាជនកម្ពុជារត់រកបងប្អូន មិនចាំបាច់ភ័យព្រួយនោះទេ។