សម្តេចពិជ័យសេនា ទៀ បាញ់ ដង្ហែអង្គកឋិនទាន ទៅកាន់វត្តទេពពោធិវង្ស នៅក្រុងសៀមរាប និងប្រមូលបច្ច័យជាង៧ម៉ឺនដុល្លារ សម្រាប់កសាងទីវត្តអារាម


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានដង្ហែអង្គកឋិនទាន ទៅកាន់វត្តទេពពោធិវង្ស «ហៅវត្តថ្មី» ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងប្រមូលបច្ច័យបានចំនួន៧១,៩៤៣ដុល្លារ សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម។

ថ្លែងនៅចំពោះមុខប្រជាពុទ្ធបរិស័ទ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា យើងមានឱកាសធ្វើបុណ្យធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដូច្នេះ ទើបប្រជាពលរដ្ឋ ជាពុទ្ធិបរិស័ទ មានឱកាសបានធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនា និងមានឱកាសចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍក្នុងវិស័យផ្សេងៗ ជាពិសេសផ្នែកពុទ្ធចក្រ ឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលរយៈពេលធ្វើ បុណ្យ កឋិនទាននេះមាន២៩ថ្ងៃ ហើយក្នុងវត្តនីមួយៗ បានដង្ហែអង្គកឋិនទាន បានម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ចីវរ និងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀត សម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗ សម្រាប់ប្រើប្រាស់កសាងសមិទ្ធិផលនានាក្នុងទីអារាម។

បន្ថែមពីនេះទៀត ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធា ជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូន ជីតា ញាតិកាទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខចំរុងចំរើនជារៀងរហូតទៅ៕