ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តកំពង់ចាម ផ្ដួចផ្ដើមអង្គកឋិនទានប្រមូលបច្ច័យបានជាង១១ម៉ឺនដុល្លារ ដង្ហែចូលវត្តជោតនារាមបឹងកុក នៅក្រុងកំពង់ចាម


ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានរួមគ្នាប្រារព្ធធ្វើបុណ្យកឋិនទានដង្ហែចូលវត្តជោតនារាមបឹងកុក ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បុណ្យកឋិនទានមហាសាមគ្គីនេះ គឺមានការចូលរួមជាបច្ច័យ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត, ឧកញ៉ា ហ៊ុន តូ, ឯកឧត្តម ហ៊ុន ម៉ានិត និងមានសប្បុរសជនជាច្រើនទៀត ដែលបានចូលរួមជាបច្ច័យយ៉ាងច្រើនជាង១១ម៉ឺនដុល្លារ មកវេរប្រគេនព្រះសង្ឃនៅវត្តបឹងកុក ដើម្បីទុកចាត់ចែងកសាងផ្សេងៗ ដើម្បីទ្រទ្រង់ព្រះសង្ឃ ដែលគង់បួសរៀននៅទីអារាមនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា កត្តាដែលនាំមកនូវការចូលរួមជាបច្ច័យយ៉ាងច្រើនពីសប្បុរសជន ដូចពេលនេះ គឺដោយសារពុទ្ធបរិស័ទមានជំនឿមកលើសាសនាព្រះពុទ្ធ និងមានបំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនឲ្យស្របទៅនឹងវិស័យអាណាចក្រ ពោលបច្ចុប្បន្នវិស័យអាណាចក្រមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ឈានដល់ការចូលរួមជាបច្ច័យ ដើម្បីកសាងនូវសមិទ្ធផលនានាលើវិស័យពុទ្ធចក្រ ដូច្នេះវិស័យពុទ្ធចក្រ ក៏ត្រូវតែមានការរីកចម្រើនដើរទន្ទឹម និងវិស័យអាណាចក្រផងដែរ។

ជាមួយគ្នានេះ កត្តាសុខសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋយើង មានឱកាសជួបជុំគ្នាធ្វើបុណ្យដាក់ទាន ទៅតាមសទ្ធារៀងៗខ្លួន នឹងអាចមានឱកាសចូលរួមជាបច្ច័យ ដើម្បីយកមកកសាងឲ្យមានការរីកចម្រើននៅក្នុងទីអារាមដូចពេលនេះ និងមានឱកាសចេញទៅសិក្សារៀនសូត្រ យកចំណេះដឹង នឹងមានឱកាសចេញទៅប្រកបការងារ បង្កើនជីវភាពគ្រួសារឲ្យមានភាពរុងរឿង គឺអាស្រ័យលើកត្តា សុខសន្តិភាព៕