អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ពិធីប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃភាគីទាំងពីរសរុបប្រមាណ ១០០រូប។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement ហៅកាត់ថា Cambodia-UAE CEPA)។
កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕