ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង ៣ពាន់គ្រួសារ


(កំពង់ឆ្នាំង)៖ បេសកកម្មសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះចែកស្រូវពូជជូនកសិកររងគ្រោះដោយទឹកជំនន់ នៅខេត្តជុំវិញបឹងទន្លេសាប បានចូលដល់ខេត្តកំពង់ឆ្នាំងហើយ បន្ទាប់ពីប្រើពេលប្រមាណ៤ថ្ងៃ។ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។ គ្រួសារនីមួយៗទទួលបានស្រូវពូជទម្ងន់ ១០០គីឡូក្រាម ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះទឹកជំនន់ពីទន្លេ បណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវ របស់ ប្រជាជនមានចំនួន៥ស្រុក រួមមានស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។ ប៉ះពាល់ប្រជាកសិករចំនួន ៣,៤៦០គ្រួសារ បង្កឱ្យខូចខាតដំណាំស្រូវលើផ្ទៃដីសរុបចំនួន ២,៦១០ហិកតា ស្មើនឹង ១.៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត។ តែទោះយ៉ាងណា ផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបានទាំងអស់។

ទឹកជំនន់នេះ បង្កឱ្យប៉ះពាល់លំនៅដ្ឋានប្រជាជនសរុបចំនួន ៦ក្រុង/ស្រុក ២៩ឃុំ សង្កាត់ ៩៧ភូមិ ស្មើនឹង ១១,៤៧៩គ្រួសារ ក្នុងនោះមាន ៧៩៤គ្រួសារ បានជម្លៀសទៅផ្ទះសាច់ញាតិ និងទីទួលសុវត្ថិភាព នៅក្នុងហេតុការណ៍នេះ មិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

ទន្ទឹមនឹងប្រជាពលរដ្ឋរងការជន់លិចនេះ អាជ្ញាធរមិនបានព្រងើយកន្តើយនោះឡើយ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ជួយជម្លៀសរកទីទួលសុវត្ថិភាព និងផ្តល់ជាស្បៀងអាហារផ្សេងៗ ដើម្បីដោះស្រាយការលំបាក។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឆ្លើយតបនឹងគ្រោះទឹកជន់លិចនេះ រដ្ឋបាលខេត្ត បានចាត់កម្លាំងប្រតិបត្តិការ និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរងគ្រោះ ជាពិសេសផ្ដល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជម្រក ទឹកស្អាត ថ្នាំសង្កូវ កម្លាំងប្រចាំការការពារសន្តិសុខ និងត្រៀមលក្ខណៈជាប់ជាប្រចាំ ក្នុងការបន្តចេញជួយ និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពដែលបានរៀបចំរួច។

ឯកឧត្តមអភិបាលខេត្តបន្តថា វិធានការដែលខេត្តបានយកចិត្តទុកដាក់អនុវត្តកន្លងមក មានជាអាទិ៍ ការចុះអន្តរាគមន៍ ឆ្លើយតបជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាព ផ្ដល់ស្បៀងអាហារ សម្ភារៈ បរិក្ខារ យកចិត្តទុកដាក់ចំពោះ សុខុមាលភាព ទឹកស្អាត អនាម័យ សន្តិសុខ។ល។

ក្នុងនោះ រដ្ឋបាលខេត្ត បានផ្ដល់អំណោយជាស្បៀងអាហារ ជាព្រះរាជអំណោយព្រះមហាក្សត្រ និងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋរងគ្រោះបានចំនួន ៤,៥៨៤គ្រួសារ។

ក្រៅតែពីបង្ហាញរបាយការណ៍នានាពាក់ព័ន្ធគ្រោះទឹកជំនន់ហើយនោះ តំណាង ឱ្យក្រុមប្រឹក្សាគណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ សំដែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្ដេចតេជោ ដែលបានដឹកនាំតស៊ូរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនគ្រប់វិស័យ ក្នុងបុព្វហេតុជាតិ សុខសន្តិភាព សុខមាលភាព វិបុលភាព និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលប្រមាណជិតមួយសប្តាហ៍ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួន៥។ សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមខេត្តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ដើម្បីចាត់ចែងរៀបចំភូមិឋានជូនពលរដ្ឋស្ម័គ្រចិត្តចាកចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា។

ថ្ងៃទី២២ ខែតុលា សម្តេចតេជោ បានបន្តទៅកាន់ខេត្តបន្ទាយមានជ័យ និងបន្តទៅទៅកាន់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងនៅថ្ងៃបន្តបន្ទាប់។ បេសកកម្មការងារនៅតាមខេត្តទាំង៤នេះ រួមមានការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអញ្ជើញចែកពូជស្រូវ ស្បៀងអាហារ និងថវិកាជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ក្នុងរយៈពេលប្រមាណ៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងសរុបជាង២ម៉ឺនគ្រួសារ ចែកស្រូវពូជជាង ២ពាន់តោន។

បេសកកម្មចែកស្រូវពូជជូនកសិករមិនបញ្ចប់ត្រឹមខេត្តកំពង់ឆ្នាំងនោះឡើយ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចែកស្រូវពូជជូនកសិករនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ហើយនៅខេត្តព្រៃវែង នាថ្ងៃទី៣០ ខែតុលា ចុងសប្តាហ៍នេះ៕