រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្តអនុគ្រោះពន្ធ និងគាំទ្រដល់វិស័យទេសចរណ៍ ដែលមានភាពយឺតយ៉ាវក្នុងការងើបឡើងវិញ


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានដាក់ចេញនូវិធានការមួយចំនួន ដើម្បីអនុគ្រោះពន្ធសម្រាប់វិស័យទេសចរណ៍ និងជួយគាំទ្របន្ថែមទៀតដល់វិស័យនេះ ដែលបន្តរងផលប៉ះពាល់ដោយសារកូវីដ១៩ និងវិបត្តិមួយចំនួនទៀត ហើយយឺតយ៉ាវក្នុងការងើបឡើងវិញ។

សេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាល របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ក្រោយពីប្រទេសកម្ពុជា បានសម្រេចបើកពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ជាពិសេសវិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ បានមានសន្ទុះងើបឡើងវិញយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងខ្ពស់នៃការប្រើប្រាស់ និងការនាំចេញ។ ដោយឡែកសម្រាប់វិស័យ ទេសចរណ៍វិញ បើទោះបីជាចរន្តនៃរំហូរទេសចរក្នុងស្រុកកំពុងកើនឡើងក៏ដោយ ការងើបឡើងវិញនៃវិស័យនេះនៅមានកម្រិតនៅឡើយ ដោយការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនៅបន្តមានសម្ទុះយឺតយ៉ាវ។

សេចក្តីប្រកាសបានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ បរិការណ៍ដ៏ស្រួចស្រាល់របស់ពិភពលោក ដូចជា ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ការកើនឡើងនៃអត្រាអតិផរណា ការរឹងបន្តឹងគោលនយោបាយរូបិយវត្ថុនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍ និងការថមថយកំណើនសេដ្ឋកិច្ចនៃប្រទេសមហាអំណាចជាដើម កំពុងបន្តចោទជាហានិភ័យបន្ថែមទៀត ដល់ការងើបឡើងវិញ និងនិរន្តរភាពរបស់វិស័យទេសចរណ៍ ទាំងក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ។ ក្នុងស្មារតីនេះ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាសម្រាប់ការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញស្របតាមនិន្នាការថ្មីៗ ជាពិសេស ការបន្តរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការបន្តដាក់ចេញនូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ។

សេចក្តីប្រកាសបានបន្ថែមទៀតថា ក្នុងន័យនេះ ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖

១៖ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។

២៖ លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣ ។

៣៖ បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។

រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកល ក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្ដានុពល សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕