ប្រធានរដ្ឋសភាកម្ពុជា ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរជួយគ្នាទៅវិញទៅមក


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើឱ្យ លោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សាមរតកប្រពៃណីល្អពីដូនតា ក្នុងការជួយយកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនឹងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទាំងសង្ខាង។

ការស្នើបែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងជាប្រធាន APPF លើកទី៣០ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាប្រទេសថៃ ខណៈដែលសម្តេចដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនចំណាកស្រុកកម្ពុជា កំពុងស្នាក់នៅប្រកបការងារនៅក្នុងប្រទេសថៃ និងទទួលឱកាសបានរៀនសូត្រ។

ចំណែកប្រធានសភាថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី៣០ នាឱកាសនេះ។

លោកបានគាំទ្រចំពោះការលើកឡើងរបស់ សម្តេច ហេង សំរិន និងបានគូសបញ្ជាក់ថា ក្នុងនាមប្រធានរដ្ឋសភាថៃ លោកតែងតែយកចិត្តទុកចំពោះទំនាក់ទំនងប្រទេសទាំងពីរ ពិសេសនៅក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ រដ្ឋសភាថៃបានស្នើដល់រដ្ឋបាលឱ្យយកចិត្តទុកដាក់ដល់ពលករបរទេសទាំងអស់ ដែលកំពុងធ្វើការនៅក្នុងប្រទេស នៅក្នុងនោះមានពលករកម្ពុជាផងដែរ។

បន្ថែមពីនេះ ប្រធានរដ្ឋសភាថៃ បានជម្រាបសម្តេចប្រធានសភាកម្ពុជា ថា លោកនឹងដឹកគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាន និង AIPA និងមហាសន្និបាត AIPA លើកទី៤៣ នៅកម្ពុជាក្នុងខែវិច្ឆិកា ខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ឈួន លីកផៃ បានបង្ហាញក្តីរីករាយ ចំពោះសមិទ្ធផលទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទំាងពីរ ក៏ដូចជារវាងរដ្ឋសភាទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិទាំងសង្ខាង និងបានរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរដល់រដ្ឋសភាថៃ ដែលបានរៀបចំកិច្ចប្រជុំ APPF លើកទី៣០ នេះយ៉ាងល្អ និងអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕