រាជរដ្ឋាភិបាល នឹងដំឡើង​ប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើងវិញនៅឆ្នាំ២០២៣ ដែលទាបបំផុត ១លាន៣សែនរៀល


ចាប់ពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំង​ប្រដាប់អាវុធ ដែលមានប្រាក់ខែអប្បបរមាជាង១លាន១សែនរៀល ឱ្យដល់ជាង១លាន៣សែនរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាឡើងដល់៧១ម៉ឺនរៀល ដើម្បីគាំទ្រដល់ជីវភាព មន្រ្តីរាជការ បន្ទាប់ពីខកខានក្នុងការដំឡើងរបស់រយៈពេល២ឆ្នាំ ដោយសារតែបញ្ហាកូវីដ១៩។

នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

​តាម​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា​ ចាប់ពីខែមករា ឆ្នាំ២០២៣៖

* បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល​ នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល

* គ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល

* បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)

* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។ ​

ជាមួយគម្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនេះ រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក​ សម្រាប់ចំណាយបន្ទុកបុគ្គលិករដ្ឋ ​នៅក្នុងឆ្នាំ២០២៣ ។

ថវិកាប្រមាណជាង២ពាន់លានដុល្លារនេះ នឹងត្រៀម​សម្រាប់ការជ្រើសរើសក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២២ និង ការជ្រើសរើសក្របខ័ណ្ឌគ្រូបង្រៀនឡើងវិញចំនួន ៣ ០០០ កន្លែង បន្ទាប់ពីអាក់ខានចំនួន២ឆ្នាំកន្លងមក​, សម្រាប់ដំឡើងបៀវត្សជូនមន្ត្រីរាជការឡើងវិញ បន្ទាប់ពីបានផ្អាកការដំឡើងនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ធ្វើវិចារណកម្មចំណាយ ដើម្បីបង្វែរធនធានទៅដោះស្រាយផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះ និងសម្រាប់ការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្រ្តីជាប់កិច្ចសន្យា ពី ៦៧ ម៉ឺនរៀល ទៅដល់ ៧១ ម៉ឺនរៀល ដោយអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣។

ទន្ទឹមនេះ​ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល ​សម្រាប់មូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើង ប្រាក់សោធនអប្បបរមាប្រចាំខែជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជន រវាងនិវត្តជនថ្មី និងនិវត្តជនចាស់។ ដូចនេះ ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) នឹងត្រូវបានដំឡើងពី ៦៩ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ ២០២៣​៕