ឯកឧត្តម ណុប រ័ត្ននិមល៖ ​សម្តេចតេជោ ហ៊ុន សែន គឺជាមហាបុរសរដ្ឋ ជាបិតាស្ថាបនិកសន្តិភាព​របស់ពលរដ្ឋកម្ពុជា


ឯកឧត្តម ណុប រ័ត្ននិមល​ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមហាបុរសរដ្ឋ ជាបិតាស្ថាបនិកសន្តិភាព​របស់ប្រជាពលរដ្ឋកម្ពុជា ហេីយប្រជាពលរដ្ឋកម្ពុជា​ គឺជាថ្នាំទិព្វដ៏វិសិទ្ធ ដែលបានផ្តល់ថាមពលដ៏មហាសាលជូនដល់សម្ដេចតេជោ ហ៊ុន សែន ដេីម្បីបន្តដឹកនាំនាវាសន្តិភាព​ និងការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ជូនជាតិ​មាតុភូមិ​កម្ពុជា​។

ការលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តម ណុប រ័ត្ន​និមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ និងលោកជំទាវ ហ៊ីង​ សុខលាភ​ តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត​ ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន​ សែន និងលោកស្រី ប៉ែន ចន្នី បាននាំអង្គកឋិនទាន​របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដង្ហែទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏រីករាយក្នុងវិស័យព្រះពុទ្ធសាសនា​ ឯកឧត្តម ណុប រ័ត្ននិមល បានបញ្ជាក់ថា សមិទ្ធផលនានា​​ និងកំពុងទទួលផលនាពេលនេះ​ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា គឺបានមកដោយលំបាក​ ក្រោមការលះបង់យ៉ាងធំធេងរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីសង្គ្រោះជាតិ​ និងប្រជាពលរដ្ឋ​ ឲ្យបានរួចផុតពីការកាប់សម្លាប់​ ធ្វេី​ទារុណកម្ម​របស់ពួកប្រជាធិបតេយ្យក្លែងក្លាយ​ ប៉ុល​ ពត​ និងបានខិតខំរួមគ្នាបង្កើតឡើង នៃ​គោលនយោបាយឈ្នះឈ្នះ​ រួបរួម​ជាតិ​ ផ្សះផ្សាជាតិ​ របស់សម្ដេចតេជោ​ ហ៊ុន​ សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា​ កសាងប្រទេសពី​គំនរផេះផង់​ រហូតដល់បច្ចុប្បន្នមានការអភិវឌ្ឍន៍គ្រប់វិស័យ​ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់អាស៊ី​។

អ្វីដែលពិសេសនោះ គឺសម្តេចតេជោ​ ហ៊ុន សែន តែងតែរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ​ មិនដែលទុកប្រជាលរដ្ឋចោលនោះឡេីយ​ ហេីយប្រជាពលរដ្ឋ គឺជាថ្នាំទិព្វដ៏វិសិទ្ធដែលបានផ្តល់ថាមពលដ៏មហាសាលជូនដល់សម្ដេចតេជោ ហ៊ុន សែន ដេីម្បីបន្តដឹកនាំនាវាសន្តិភាព​ និងការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ជូនជាតិ​មាតុភូមិ​កម្ពុជា​​ និងប្រជាពលរដ្ឋកម្ពុជា​គ្រប់តំបន់ទូទាំងប្រទេស​ បានរស់នៅដោយសេរីភាព​ និងប្រកបដោយសុខសុភមង្គល​ ក្រោមម្លប់ដ៏ត្រជាក់នៃ​ សន្តិភាព​​។

ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តការគាំទ្រ​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតដេីម្បីការពារសន្តិភាព​ សុភមង្គល​ប្រជាពលរដ្ឋកម្ពុជា​ ឲ្យបានជារៀងរហូត និងបន្តគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏​វាងវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី​ បន្តវេននាពេលអនាគត។

ឯកឧត្តម ណុប រ័ត្ននិមល បាននាំមកនូវអំណាយ​ និងបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្គរ​ ២០០០គីឡូ, មី​ ៥០កេស, ត្រីខ​ ៥កេសធំ​, ទឹកត្រី​ ៥យួរ, ទឹកស៊ីអ៉ីវ​ ៥យួរ, ប៊ីចេង​ ១កេស, បច្ច័យសម្តេចតេជោ​ ចំនួន​ ១០៥លាន​ ២០ម៉ឺនរៀល, បច្ច័យពុទ្ធបរិស័ទ ចំនួន​៩៤លាន​ ៨០ម៉ឺនរៀល បច្ច័យសរុបចំនួន​២០០លានរៀល៕