ក្រសួងបរិស្ថាន បំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីរាជការក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិសម្រាប់ឆ្នាំ២០២១ និង២០២២។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទជាង៥០០នាក់ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក លោកស្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងលោកផ្ទាល់ បានទទួលស្គាល់នូវការលះបង់របស់បងប្អូនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ក្នុងការកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ឯកឧត្តមរដ្ឋម​ន្ត្រី បានគូសបញ្ជាក់ថា កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែ បានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសជាមួយគ្នានេះ ក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ។

គួររម្លឹកឱ្យដឹងថា គ្រឿងឥស្សរិយយសឆ្នាំ២០២១ និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប១,០១៨រូប សម្រាប់បំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ។

ក្នុងនោះរួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២០រូប, មេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១១រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន៥រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៦រូប, មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន១៤រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់សេនា ចំនួន២៦រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន៤រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន៦៧រូប, មេដាយមាសការងារ ចំនួន៦២រូប, មេដាយប្រាក់ការងារ ចំនួន៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន២៦២រូប៕