លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានក្រើនរំឮកដល់ក្រុមការងារទាំងអស់ ត្រូវចុះទៅដល់មូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាលំបាករបស់ពួកគាត់ឱ្យទាន់ពេលវេលា។
ការក្រើនរំឮកបែបនេះ របស់លោកជំទាវ ឃួន ឃុនឌី បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងក្រុមការងារ ចុះមូលដ្ឋានតាមបណ្តាឃុំក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។
លោកជំទាវ ឃួន ឃុនឌី បានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅមុខ តែនៅមានមន្ត្រីមួយចំនួនហាក់មើលស្រាលការងាររបស់ខ្លួន ពិសេសត្រូវពង្រឹងការងារនៅមូលដ្ឋានឡើងវិញ។
ជាមួយគ្នានេះដែរ លោកជំទាវបន្តថា ត្រូវជំរុញយុវជនដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រមទាំងជំរុញឱ្យមន្ត្រីកែសម្រួលកិច្ចការអសកម្មមួយចំនួនឡើងវិញ ដោយធ្វើបច្ចុប្បន្នភាពក្រុមការងារគណបក្សឱ្យបានល្អប្រសើរថែមទៀត និងបំពេញរចនាសម្ព័ន្ធដែលនៅខ្វះចន្លោះឱ្យបានឆាប់ ត្រូវធ្វើផែនការមេ និងផែនការសកម្មភាពឱ្យបានជាក់លាក់ និងច្បាស់លាស់ រួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ កុំឱ្យក្រុមការងារខ្លះមានតែឈ្មោះគ្មានមនុស្សមកធ្វើការហើយចំណុចខ្លាំងបញ្ចូលបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឡើងវិញ។
ទន្ទឹមនឹងលទ្ធផលនេះ លោកស្រីបានស្នើឱ្យក្រុមការងារត្រូវផ្សព្វផ្សាយ និងអនុវត្តតាមប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំចូលរួមប្រជុំប្រចាំខែរបស់គណបក្សមិនឱ្យមានអវត្តមាន បើបាត់បីដងរាយការណ៍ជូនថ្នាក់លើ ធ្វើយ៉ាងណាត្រូវថែរក្សាសុខសុវត្ថិភាពគ្រប់ទីកន្លែងណាក៏ដោយ គ្រប់គ្រងកូវីដ១៩ ឱ្យបានត្រូវចូលរួមរក្សាបានកំណើនសេដ្ឋកិច្ច ចូលរួមរក្សាបានលទ្ធផលឆ្នោតឱ្យបាន ត្រូវបន្តការកសាងបក្ស រក្សាចាស់កសាងថ្មី និងខិតខំបន្តចុះជួយបក្សតាមមូលដ្ឋាន។
លោកជំទាវ ឃួន ឃុនឌី ជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវ យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង៕