​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ ប្រមូលបច្ច័យជាង៦២១លានរៀល ដង្ហែអង្គឋិនទានសាមគ្គី ទៅកាន់វត្តសុវណ្ណបុព្វរាម ក្រុងសិរីសោភ័ណ ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម


​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្រ្ត​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន បានផ្តួចផ្តើមដឹកនាំថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ្ធ ប្រមូលបច្ច័យមានចំនួន៦២១លាន និងជាង៤សែនរៀល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានដង្ហែអង្គកឋិនទានទៅកាន់វត្តសុវណ្ណបុព្វរាម (វត្តខ្លាកូនចាស់) នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងទីវត្តអារាម។

ពិធីដង្ហែអង្គកឋិនទានសាមគ្គីនេះ មានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត, អភិបាលរងខេត្ត, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, អភិបាលក្រុងសិរីសោភ័ណ, ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិត ឆ្ងាយជាច្រើនរយនាក់ផងដែរ។

ក្នុងនោះ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន បានថ្លែងថា បច្ច័យបានមកពីអង្គឋិនទាននោះត្រូវយកទៅកសាងក្នុងវត្ត ឱ្យចំគោលដៅ ប្រើក្នុងចំណូលចំណាយឱ្យមានខ្ទង់ត្រឹមត្រូវ ដើម្បីប្រែក្លាយទីវត្តអារាម ជាកន្លែងថ្នាលបណ្តោះបណ្តាលមនុស្សជំនាន់ក្រោយឱ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់ផង។

ព្រះចៅអធិការវត្តសុវណ្ណបព្វរាម (ខ្លាកូនចាស់) បានមានសង្ឃដីការថា អង្គកថិនទាននេះប្រជាជនខ្មែរទូទាំងប្រទេសគេផ្តើមធ្វើនៅថ្ងៃទី១ រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកក្តិក ដែលមានរយៈពេល២៩ថ្ងៃ ដែលពុទ្ធរិស័ទខ្មែរប្រារព្ធធ្វើឡើងដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមទីវត្តអារាមនានា ក៏ដូចជាការរួមចំណែកកសាង ទីសេនាសនៈ និងសមិទ្ធផល ក្នុងវត្តព្រមទាំងរួមចំណែកលើកកម្ពស់ ការគោរពប្រតិបត្តិព្រះពុទ្ធសានា ដែលជាសានារបស់រដ្ឋ ឱ្យបានថ្គុំថ្កើនរុងរឿងផងដែរ។

ព្រះចៅអធិការវត្ត មានសង្ឃដីការថា អង្គឋិនទាននោះរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាបុណ្យរបស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី៤៣ ហើយក្នុងនោះកម្ពុជា មានបុណ្យព្រះពុទ្ធសាសនាជាច្រើនដូចជា៖ មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សាជាដើម។

ព្រះចៅអធិការ មានសង្ឃដីការ បានបញ្ជាក់ថា បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ណាស់ ក្នុងវិស័យព្រះពុទ្ធសាសនា កាលណាពុទ្ធបរិស័ទបានធ្វើបុណ្យកឋិនទាននេះហើយ អ្នកនោះជាតិមុខ និងក្លាយទៅជារូបសម្ផស្សស្អាត និងមានធនធានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង៕