សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ ២០០០នាក់ មកពីរោងចក្រចំនួន៥ នៅរាជធានីភ្នំពេញ ដែលក្នុងនោះ មានទាំងសកម្មជនដ៏សកម្មរបស់ទណ្ឌិត សម រង្ស៉ី ក្នុងការបង្កើតព្រឹត្តិការណ៍ហឹង្សា នៅក្នុងឆ្នាំ២០១៣ផងដែរនោះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្រោយពីពួកគាត់អស់ជំនឿលើទណ្ឌិត សម រង្ស៉ី និងមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធីសំណេះសំណោលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (សកម្មជនអតីតគណបក្សសង្រ្គោះជាតិ) ទាំងប្រមាណ២០០០នាក់ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនកម្មករ កម្មការិនីទាំងប្រមាណ ២០០០នាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចេញពីការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត និងបានអភិវឌ្ឍន៍កម្ពុជា ចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចុងក្រោយនេះ សម្តេចនូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាលើកទី២ថែមទៀត តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីក ជូនប្រជាពលរដ្ឋ។ សម្ដេចតេជោនូវបានកៀរគរអ្នកវិនិយោគទុន មកបណ្ដាក់ទុនរកស៊ីនៅស្រុកខ្មែរ បង្កើតឲ្យមានរោងចក្រ សហគ្រាស ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនីយើងមានការងារធ្វើ។ តែសម្រាប់ទណ្ឌិត សម រង្ស៊ី វិញ មិនបានធ្វើអ្វីដើម្បីបងប្អូនប្រជាពលរដ្ឋនោះទេ។ តែបែកជាបំផ្លិចបំផ្លាញបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទៅវិញ ដោយការសុំឲ្យបរទេសផ្ដាច់ជំនួយ លើរាជរដ្ឋាភិបាលកម្ពុជា។ ការផ្តាច់ជំនួយនេះ អ្នកដែលស្លាប់មុនគេ គឺបងប្អូននកម្មករ កម្មការិនីនេះហើយ ដែលនេះជាចំណុចដែលបងប្អូនត្រូវគិតគូរពិចារណា។
គួរបញ្ជាក់ផងដែរថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ ទណ្ឌិត សម រង្ស៊ី ពីសំណាក់បងប្អូនកម្មករកម្មការិនីប្រមាណ ២០០០នាក់នេះ គឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់ និងចៅរងសង្កាត់ជាច្រើនរូប មកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕