ស្បៀងសង្គ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនពលរដ្ឋក្រីក្រនៅស្រុកតាំងគោក៤២០គ្រួសារ


ស្បៀងសង្គ្រោះមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤២០គ្រួសារនៅស្រុកតាំងគោក តាមរយៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

ការចែកស្បៀងសង្គ្រោះជូនដល់ប្រជាពលរដ្ឋខាងលើនេះធ្វើឡើងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ខណៈប្រជាពលរដ្ឋទាំង៤២០គ្រួសារគឺមានមកពីឃុំទ្រៀល ឃុំស្រឡៅ និងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រខាងលើ រួមមាន អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធដបធំ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ មី១កេស ត្រីខ១យួរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចទាំងទ្វេទៅកាន់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់ ក៏ដូចជាកំពុងបញ្ហាខ្វះខាតក្នុងជីវភាពបន្ទាប់ពីរងនូវវិបត្តិរីករាលដាលជំងឺកូវីដ១៩ផងដែរ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្កើនការគិតគូរអំពីការថែទាំសុខភាព ថែរក្សាអនាម័យ ទទួលទានអាហារនិងទឹកស្អាតឬដាំឆ្អិន ដើម្បីបង្ការជំងឺរាករួស ឬជំងឺដង្កាត់ផ្សេងៗ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបង្កើននូវការដាំដុះដំណាំ និងសត្វចិញ្ចឹមបន្ទាប់បន្សំ ដើម្បីជួយផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យអាជ្ញាធរត្រូវក្ដាប់សភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមក្នុងការជួយប្រជាកសិករធ្វើស្រែស្រូវនៅរដូវសម្រក សំដៅស្ដារនូវការខូចខាតដោយសារទឹកជំនន់ឡើងវិញ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ដើម្បីបង្កើនភាពស៉ាំក្នុងសហគមន៍បន្ថែមទៀត ពីព្រោះថាថ្វីដ្បិតជំងឺកូវីដមានការថមថយនៅប្រទេសកម្ពុជាយ៉ាងណាក្ដី តែក៏នៅតែមិនទាន់ទៅណាឆ្ងាយពីយើងនោះឡើយ ម្យ៉ាងនៅបណ្ដាប្រទេសមួយចំនួនក៏នៅតែមានការឆ្លងជាបន្តបន្ទាប់ដែរ ដូច្នេះយើងមិនដឹងថាថ្ងៃក្រោយមានការបំប្លែងមេរោគថ្មី ឬយ៉ាងណានោះទេ ពោលគឺមានតែការចាក់វ៉ាក់សាំងបន្តនោះទេដែលអាចបង្ការយ៉ាងមានប្រសិទ្ធភាពបាន។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកកឡើងអំពីគុណតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាកំពុងខិតខំថែរក្សាការពារយ៉ាងម៉ឺងម៉ាត់នាពេលបច្ចុប្បន្ន និងតទៅអនាគត។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តគាំទ្រគណបក្សគណបក្សប្រជាជន ដែលតែងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល៕