សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើលិខិតជូនពរ សម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសចម្រើនជន្មាយុ


សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូនពរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា នាពេលនេះ។

ក្នុងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនសម្ដេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងថា «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរ ក្នុងឱកាសចម្រើនជន្មាយុ សម្តេចចៅហ្វាវាំង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំសូមវាយតម្លៃខ្ពស់បំផុតចំពោះសកម្មភាពដ៏ឧត្ដុង្គឧត្តមរបស់ សម្ដេចចៅហ្វាវាំង ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងបទពិសោធន៍រួមចំណែក ក្នុងការកសាង សង្គមជាតិសំដៅកាត់បន្ថយភាពក្រីក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារុងរឿងសម្បូរសប្បាយជាលំដាប់។ ជាពិសេស សម្តេចចៅហ្វាវាំង បានបំពេញបេសកកម្មក្នុងការចូលរួមការពារសន្តិភាព ឯករាជ្យភាព បូរណភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទទួលបានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងបានខិតខំមិនខ្លាចនឿយហត់ការពារ ជាតិ សាសនា ព្រះមហាក្សត និងលើកស្ទួយកិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ជាអារ្យប្រទេសរុងរឿង ថ្កើនថ្កាន»។

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕