នាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្


នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅកម្ពុជា។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការអន្តរាគមន៍ ពាក់ព័ន្ធក្នុងប្រតិបត្តិការការពារការពារសន្តិសុខ រក្សាសុវត្ថិភាព ដោយជំនាញនីមួយៗ ត្រូវទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលបានប្រគល់ជូន និងត្រូវគោរពតាមបទបញ្ជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសយ៉ាងម៉ឺងម៉ាត់បំផុត។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើ​នចូលរួម។

ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឲ្យកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកងកម្លាំង និងមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាគោលដៅសំខាន់ៗ រួមទាំងកន្លែងស្នាក់នៅផងដែរ៕