អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព ការសាងសង់សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវមួយខ្សែ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវមួយខ្សែ ក្នុងក្រុងកំពង់ចាម។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីរភូមិទី១១ មកសាងសង់ក្នុងភូមិទី៧ ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវិញ។ បច្ចុប្បន្នសាលាសង្កាត់កំពង់ចាមនេះ សាងសង់បានលទ្ធផលប្រមាណជា ៨០%។ ទន្ទឹមនិងនេះដែរ អភិបាលខេត្តកំពង់ចាម បានពន្លឿនក្រុមជាងត្រូវសាងសង់ឲ្យរួចនៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ។

ដោយឡែក ចំពោះសាលាសង្កាត់វាលវង់ ដោយសារទីតាំងចាស់តូចចង្អៀត ត្រូវបានអភិបាលខេត្តកំពង់ចាម សម្រេចសាងសង់ថ្មី ស្ថិតក្នុងភូមិទី១ដដែល។ បច្ចុប្បន្នសាលាសង្កាត់វាលវង់ សាងសង់បានលទ្ធផលប្រមាណជា ៥០ទៅ ៦០ % ហើយដែរ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ ដូចសាលាសង្កាត់កំពង់ចាមដែរ។

បើតាមលោក នង ម៉េងហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងផងដែរថា ផ្លូវតាណេង ទទឹងប្រវែង ១៤ម៉ែត្រ និងបណ្តោយប្រវែង ៧០០ម៉ែត្រ ជាប្រភេទ ផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម បានស្ថាបនា រួចរាល់ជាស្ថាពរហើយ៕