សម្ដេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៉ី ​និងសូមអធ្យាស្រ័យដែលប្រតិភូកម្ពុជាខកខានមិនបានចូលរួមកិច្ចប្រជុំ G20


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានត្រៀមចាកចេញពីប្រទេសឥណ្ឌូនេស៉ី ដើម្បីត្រឡប់មកប្រទេសកម្ពុជា បន្ទាប់ពីសម្ដេចវិជ្ជមានជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook បានឲ្យដឹងទៀតថា ការហោះហើរមកពីប្រទេសឥណ្ឌូនេស៉ី ត្រូវប្រើប្រាស់ពេលប្រមាណជាង៣ម៉ោង ហើយគ្រោងនឹងមកដល់ប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកានេះតែម្ដង។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៉ី ដែលបានយកចិត្តទុកដាក់ទទួលប្រតិភូកម្ពុជា និងក៏សូមអធ្យាស្រ័យដែលប្រតិភូកម្ពុជា ដឹកនាំផ្ទាល់ដោយសម្ដេចខកខានមិនបានចូលរួមកិច្ចប្រជុំ G20 ដោយសារតែជំងឹកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុី ត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេស ដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូនេសុីដែលបានយកចិត្តទុកដាក់ ទទួលប្រតិភូរបស់យើង និងសូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20 បាន។

សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ ការហោះរយៈពេល៣ម៉ោង៣០នាទីដែល ខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ»