ស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំពាក់ព័ន្ធ


កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេស លើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ នៅសណ្ឋាគារអេមព្រីស អង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកានេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆា ឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់អាយឆា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអោយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។

កិច្ចប្រជុំពិសេសលើកទី២ ប្រចាំឆ្នាំ២០២២ របស់អាយឆានេះនឹងធ្វើការពិនិត្យ ពិភាក្សា លើឯកសារទស្សនាទាននៃសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាព អាទិភាពរបស់អាយឆាពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានា ដែលបានអនុវត្តរួចហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

បន្ថែមលើនេះ ក្នុងកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា ឆ្នាំ២០២២ លោក កែវ រ៉េមី នឹងដឹកនាំគណៈប្រតិភូអាយឆា ក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងអាយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា ឆ្នាំ២០២២នេះ នឹងមានពិធីប្រគល់តួនាទីជាប្រធានអាយឆា ឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ី ប្រចាំអាយឆា ផងដែរ។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្សរបស់អាស៊ាន ហើយដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។ ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៕