សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាស ឯកឧត្តម ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់


នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ឯកឧត្តម ខូយ រីដា ឱ្យចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/១៤១៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក ខូយ រីដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា មុនក្លាយជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ធ្លាប់ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ កាលពីចុងឆ្នាំ២០២១ និងបានរាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ច ឯកឧត្តម ពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យមកកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង។

ដោយឡែក អតីតអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត និងបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។

ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ ឯកឧត្តមក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ ហើយការផ្លាស់ប្តូរនេះ ធ្វើឡើងតាមការស្នើសុំរបស់ ឯកឧត្តម ជាវ តាយ និងក្រុមគ្រួសារ ព្រោះ ឯកឧត្តមមិនមានកំហុសអ្វីនោះទេ៕