អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញអនុសាសន៍ណែនាំដល់មន្ត្រីរាជការ ឲ្យបន្តខិតខំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងបង្កើនប្រសិទ្ធភាពលើការបម្រើសេវា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងបរិវេណវត្តឧត្តមមណីរង្សី ស្ថិតក្នុងភូមិចុង ឃុំសំបូរ ស្រុកបាធាយ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំការពារសុខសន្តិភាព ដែលមានស្រាប់ តាមរយៈគណៈបញ្ជាការឯកភាពស្រុក និងកម្លាំងសមត្ថកិច្ចភូមិ ឃុំ ត្រូវរក្សាឲ្យបាន សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ស្ថេរភាពនយោបាយ ស្ថេរភាពសន្តិសុខសង្គមរបស់យើង កុំឲ្យមានអំពើចោរកម្ម ដែលជាការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើដូច្នេះ គឺដើម្បីទទួលបាននូវការអភិវឌ្ឍសមិទ្ធផលថ្មីៗ បន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា បច្ចុប្បន្ន ការទទួលសេវារបស់ប្រជាពលរដ្ឋ មិនចាំបាច់ធ្វើដំណើរទៅរកសេវា ដល់ទីរួមខេត្តនោះទេ ពោលគឺ សេវាអត្រានុកូលដ្ឋាន និងសេវារដ្ឋបាល គឺត្រូវទំនាក់ទំនងត្រឹមសាលាឃុំបានហើយ ដូចជាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតមរណភាព និងការបញ្ជាក់នីត្យានុកូលភាពផ្សេងៗទៀត ឬក៏កិច្ចការខ្លះត្រូវរត់រកត្រឹមតែការិយាល័យច្រកចេញចូលតែមួយ នៅសាលាស្រុកតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់គណៈកម្មការអាចារ្យវត្ត ខិតខំកែច្នៃធ្វើយ៉ាងណា ឱ្យក្លាយជាតំបន់ទេសចរណ៍ ដើម្បីជាការទាក់ទាញបន្ថែម ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ មកចូលរួមកំសាន្តសប្បាយ ពេលមានពិធីបុណ្យ នៅក្នុងបរិវេណវត្តអារាមនេះ។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលថ្មីនៅក្នុងវត្តឧត្តមមណីរង្សី ដែលត្រូវធ្វើពិធីឆ្លងនោះមានដូចជា ព្រះវិហារមួយ, ដងទង់មួយគូ, ផ្លូវបេតុង ប្រវែង ៤៥០ម៉ែត្រ, ឧបដ្ឋានសាលាមួយខ្នង, រូបសំណាក, និងកុដសម្រាប់ព្រះសង្ឃ។
ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា បានចូលរួមជាបច្ច័យដើម្បីកសាងនូវសមិទ្ធផលថ្មីៗ ក្នុងបរិវេណវត្តឧត្តមណីរង្សីនេះផងដែរ៕